អង់គ្លេសរកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ក្នុងប្រទេសខ្លួនកើនដល់ ៣ករណីហើយ
អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសអង់គ្លេសបានរកឃើញករណីវិជ្ជមានមេរោគកូវីដ ១៩ បំប្លែងថ្មី អូមីក្រុងមួយករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានមេរោគថ្មីនេះសរុបនៅអង់គ្លេសកើនដល់ ៣ ករណីផងដែរ។ ប្រភពខាងលើបានបន្តថា ការរកឃើញករណីវិជ្ជមានទី ៣នេះ ត្រូវបានធ្វើឡើងចំពោះសំណាកបុរសម្នាក់ដែលធ្លាប់ធ្វើដំណើរមកកាន់តំបន់ Westminster ក្នុងទីក្រុងឡុងដ៍ ខណៈរហូតមកទល់នឹងពេលនេះបុរសរូបនេះបានធ្វើដំណើរចេញពីប្រទេសអង់គ្លេសបាត់ទៅហើយ។

គួរបញ្ជាក់ថា ការរកឃើញខាងលើនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលអង់គ្លេសបានផ្តើមអនុវត្តវិធានការការពារមួយចំនួនឡើងវិញដូចជា ណែនាំឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលដើរទិញទំនិញ ឬមកកន្លែងសាធារណៈ ហើយក្មេងៗសិស្សសាលាដែលមានអាយុចាប់ពី ៧ឆ្នាំឡើង និងបុគ្គលិកក្នុងសាលារៀនត្រូវពាក់ម៉ាស់នៅក្នុងសហគមន៍របស់ពួកគេ។ គួរបញ្ជាក់ជូនផងដែរថា អូមីក្រុងគឺជាមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញនៅតំបន់អាហ្វ្រិកខាងត្បូង ហើយតាមការសន្និដ្ឋានជាបឋមគឺមេរោគប្រភេទអាចចម្លងបានលឿននិងទំនងជាអាចយកឈ្នះលើវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះទៅទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC