អាជ្ញាធរថៃបញ្ជាក់ថា វត្តមានមេរោគបំប្លែងខ្លួន“អូមីក្រុង”មិនប៉ះពាល់ដល់ផែនការបើកប្រទេសឡើយ
ថៃ៖ ប្រទេសថៃនឹងមិនលុបចោលគម្រោងបើកប្រទេសឡើងវិញឡើយ បើទោះជាពេលនេះពិភពលោកកំពុងមានការព្រួយបារម្ភចំពោះមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងក៏ដោយ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរថៃដែលបានចុះផ្សាយនៅក្នុងកាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកានេះ។ បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃបានឲ្យដឹងថា៖ “គ្មានអ្នកណាចង់បិទព្រំដែនប្រទេសជាថ្មីម្តងទៀតនោះទេព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។ រហូតមកទល់នឹងពេលនេះសេដ្ឋកិច្ចរបស់យើង (សេដ្ឋកិច្ចជាតិថៃ) មិនទាន់ឆ្លងផុតពីវិបត្តិផង ដូចនេះយើងមិនអាចបន្តបិទព្រំដែនទៀតទេ ប្រសិនបើគ្មានករណីចាំបាច់ខ្លាំងបំផុតនោះ”។

ផ្ទុយទៅវិញលោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖ “ក្រសួងទេសចរណ៍និងកីឡា គ្រោងនឹងស្នើទៅអាជ្ញាធរថៃឲ្យបន្ធូរបន្ថយច្បាប់រឹតបន្តឹងការទទួលទានគ្រឿងស្រវឹងនៅតាមទីសាធារណៈក្នុងប្រទេសថៃទៀតផង ដើម្បីអនុញ្ញាតឲ្យក្រុមភ្ញៀវទេសចរណ៍អន្តរជាតិមានពេលវេលាសប្បាយច្រើនក្នុងអំឡុងពេលមកដើរកំសាន្តក្នុងប្រទេសថៃ” ។ សូមបញ្ជាក់ថា តាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃបានបង្ហាញថា ក្នុងរយៈពេល ២៩ថ្ងៃដំបូងនៃការបើកប្រទេសឡើងវិញប្រទេសថៃអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ១០០,០០០នាក់ ហើយគេបានព្យាការណ៍ថា គិតត្រឹមចុងឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលទៅកំសាន្តនៅក្នុងប្រទេសថៃអាចនឹងកើនឡើងក្នុងចន្លោះពី ៣០០,០០០-៤០០,០០០នាក់ ខណៈវិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍