អូស្ត្រាលីប្រឈមនឹងការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងច្រើនករណីបន្ថែមទៀត ក្រោយរកឃើញអ្នកជំងឺ ២នាក់បានធ្វើដំណើរទៅកាន់កន្លែងជាច្រើនក្នុងក្រុងស៊ីដនី
អូស្រ្តាលី៖ នៅព្រឹកថ្ងៃពុធ ទី១ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានជូនដំណឹងអំពីលទ្ធភាពនៃការរកឃើញករណីចម្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីវ៉ារ៉្យង់អូមីក្រុងជាច្រើនករណីបន្ថែម ក្រោយអាជ្ញាធររកឃើញថាមានអ្នកដំណើរអន្តរជាតិចំនួន ២នាក់បានធ្វើដំណើរទៅកាន់តំបន់កំសាន្តជាច្រើនកន្លែងនៅក្នុងទីក្រុងស៊ីដនី ខណៈពេលនេះអ្នកដំណើរទាំងនោះសុទ្ធតែបានតេស្តវិជ្ជមានជំងឺកូវីដ ១៩។ អ្នកដំណើរទាំង ២នាក់នោះរួមមានបុរសអាយុជាង ៤០ឆ្នាំម្នាក់ធ្វើដំណើរមកពីប្រទេសអាហ្រ្វិកខាងត្បូងនិងមកដល់ទីក្រុងស៊ីដនីនៅថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ហើយការធ្វើតេស្តជាបឋមនៅពេលនេះគឺគាត់វិជ្ជមានជំងឺកូវីដ ១៩ អូមីក្រុង តែយ៉ាងណាក្តីក្រុមអ្នកជំនាញកំពុងបន្តធ្វើតេស្តដោយម៉ាស៊ីនទំនើបមួយផ្សេងទៀតដើម្បីបញ្ជាក់ថា មេរោគកូវីដ ១៩ ដែលគាត់បានឆ្លងនោះពិតជាវ៉ារ៉្យង់អូមីក្រុងមែនឬយ៉ាងណា។

ដោយឡែកអ្នកដំណើរម្នាក់ទៀតត្រូវបានគេរកឃើញច្បាស់ហើយថា គាត់ពិតជាវិជ្ជមានជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង ហើយពេលនេះគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់នៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយនៅកន្លែងនៅតំបន់ Northern Territory ខណៈអាជ្ញាធរបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ រូបនេះមានការពាក់ព័ន្ធជាមួយមនុស្សចំនួន ៣នាក់ផ្សេងទៀត តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញអ្នកពាក់ព័ន្ធទាំង ៣នាក់នោះឃើញនៅឡើយទេ។ ទន្ទឹមនឹងការជូនដំណឹងខាងលើនេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីក៏បានប្រកាសពីកាត្រៀមខ្លួនទប់ទល់ជាមួយវ៉ារ៉្យង់អូមីក្រុងផងដែរ ក្នុងករណីដែលមេរោគបំប្លែងខ្លួនថ្មីនេះបន្តរាតត្បាតច្រើនករណីបន្ថែមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia