អាមេរិកប្រកាសពីការរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងជាលើកដំបូង
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន NBC News បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី១ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលអាមេរិកបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC ) បានបញ្ជាក់ថា ករណីទី ១ នៃការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងនោះត្រូវបានរកឃើញនៅលើខ្លួនអ្នកដំណើរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសអាហ្រ្វិកខាងត្បូងនិងបានមកដល់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ ខែវិច្ឆិកាកន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា អ្នកជំងឺរូបនោះជាមនុស្សពេញវ័យមានអាយុក្រោម ៥០ឆ្នាំ បានផ្តើមចេញរោគសញ្ញាក្រោយពេលមកដល់រដ្ឋកាលីហ្វ័រញ៉ាបាន ២-៣ ថ្ងៃ ហើយក្រោយមកនៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចធ្វើតេស្តចំពោះរូបគាត់ ខណៈគេអាចដឹងលទ្ធផលផ្លូវការដែលបញ្ជាក់ថា គាត់វិជ្ជមានកូវីដ ១៩ ប្រភេទអូមីក្រុងនៅថ្ងៃទី ២៩ ខែវិឆ្ឆិកាកន្លងទៅនេះ។ បើតាមអាជ្ញាធរសុខាភិបាលអាមេរិកបានបញ្ជាក់ថា អ្នកជំងឺរូបនេះជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ហើពេលនេះគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកក្នុងមជ្ឈមណ្ឌលចត្តាឡីស័កមួយកន្លែង ខណៈខាងអាជ្ញាធរកំពុងបន្តស្វែករកមនុស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺរូបនេះបន្ថែមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ NBC News