ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងតម្រូវឲ្យអ្នកដំណើរទាំងអស់ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយត្រូវតែធ្វើតេស្តនិងធ្វើចត្តាឡីស័ក ១០ ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងវ៉ារ៉្យង់អូមីក្រុង

    BY Pheakdey December 2, 2021
    កូរ៉េខាងត្បូងតម្រូវឲ្យអ្នកដំណើរទាំងអស់ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយត្រូវតែធ្វើតេស្តនិងធ្វើចត្តាឡីស័ក ១០ ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងវ៉ារ៉្យង់អូមីក្រុង

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កូរ៉េខាងត្បូងបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងមួយដើម្បីឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយអាជ្ញាធរកូរ៉េខាងត្បូងនឹងតម្រូវឲ្យរាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ បើទោះជាអ្នកដំណើរទាំងអស់នោះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយក៏ដោយ។ ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថា វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃសុក្រ ទី៣​​ ខែធ្នូ ស្អែកនេះ និងត្រូវអនវុត្តចំពោះទាំងជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូង។

    ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងកូរ៉េខាងត្បូងបានបន្តថា ការអនុវត្តវិធានការខាងលើនេះអាចមានរយៈពេល ២សប្តាហ៍ ឬយូរជាងនេះតាមស្ថានភាពជាក់ស្តែង ខណៈក្នុងការអនុវត្តវិធានការក៏មានលក្ខខណ្ឌមួយចំនួនផងដែរដូចជា អ្នកដំណើរទាំងជាជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូងដែលមានសិទ្ធស្នាក់នៅរយៈពេលវែងក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។ ដោយឡែកសម្រាប់អ្នកដំណើរទាំងជាជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូងដែលទទួលបានសិទ្ធស្នាក់នៅរយៈពេលខ្លីក្នុងប្រទេសកូរ៉េខាងត្បូងនឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌលឬតាមមន្ទីរពេទ្យដែលបានរៀបចំឡើងដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ ជាងនេះទៅទៀតគ្រប់អ្នកដំណើរទាំងអស់នោះត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងផងដែរ ពេលទៅដល់ទឹកដីកូរ៉េខាងត្បូងភ្លាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

     

    Share This Post: