ស្ពានឈើនៅប្រាសាទបេងមាលា ត្រូវបានរុះចោល និងធ្វើជាថ្មី ឲ្យមានទំហំធំ និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍
- October 18, 2018
ប្រាសាទបេងមាលា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។ យ៉ាងណាមិញដោយសារតែអាយុកាល និងអាកាសធាតុ ធ្វើឲ្យស្ពានឈើដែលបានសង់ឡើងក្នុងឆ្នាំ២០០២ រងនូវភាពពុកផុយ ស្ថានភាពស្ពានតូចចង្អៀត ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍ដែលមកដើរកម្សាន្ត។
ដើម្បីកាត់បន្ថយ និងការពារជាយថាហេតុ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សាមេត បានរុះស្ពានចាស់ធ្វើថ្មីទាំងស្រុង មានទំហំធំជាងមុន និងប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងស្ពានសរុប២៦៣ម៉ែត្រ។ ដំណើរការជួសជុលស្ពានឈើ បានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងការជួសជុលនេះអាចនឹងប្រើឈើអស់ចំនួនជាង៨០ម៉ែត្រគូប មានឈើបីប្រភេទ គឺផ្ចឹក គគីរ និងរាំង ដែលធន់នឹងអាកាសធាតុ ហើយធានាគុណភាពបានយូរឆ្នាំ។ គួររំលឹកផងដែលថា ស្ពានឈើ នៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តហូលីវូដបានសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីធ្វើស្ពានឈើចូលទៅក្នុងប្រាសាទសម្រាប់ជញ្ជូនសម្ភារៈក្នុងការថតភាពយន្តនិងជួយផ្សព្វផ្សាយដល់ទេសចរឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទពេលដើរទស្សនា ហើយមើលឃើញពីប្រយោជន៍នៃស្ពានឈើនេះអាចសង្គ្រោះដល់ប្រាសាទផងនោះ អាជា្ញធរជាតិអប្សរាក៏បានបន្តពង្រីកធ្វើស្ពានឈើនេះជាបន្តភ្ជាប់ជាមួយស្ពានចាស់រហូតមកសព្វថ្ងៃ៕











ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
- Share This Post:






