ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះកូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដជាង ៧,០០០នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey December 8, 2021
    ថ្ងៃនេះកូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដជាង ៧,០០០នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី៨ ខែធ្នូនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃជាង ៧,០០០នាក់ ដែលចំនួននេះគឺជាតួលេខដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះសម្រាប់កូរ៉េខាងត្បូងរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩មក។​ បើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៧,១៧៥ករណីនិងបានរកឃើញអ្នកស្លាប់ចំនួន ៦៣ករណីផងដែរ។

    គួររម្លឹកថា ក្នុងរយៈពេល ១ខែកន្លងមកនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ក្រោយពេលរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចអនុវត្តយន្តការមួយគឺ “រស់នៅជាមួយកូវីដ ១៩” ដែលតាមរយៈយន្តការនេះអាជ្ញាធរកូរ៉េខាងត្បូងបានលុបចោលវិធានការរឹតបន្តឹងប្រទេសជាច្រើនផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា កំណើននៃអ្នកឆ្លងជំងឺកូវីដ ១៩ នេះបានធ្វើឲ្យមន្ទីរពេទ្យជាច្រើនកំពុងរងសម្ពាធនៃការផ្ទុកអ្នកជំងឺច្រើនលើសកម្រិតផងដែរ ខណៈខាងអាជ្ញាធរកំពុងស្វែងរកបុគ្គលិកមើលថែអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះជាច្រើននាក់បន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយចំនួនអ្នកជំងឺដែលត្រូវមកសម្រាកនៅក្នុងមន្ទីរពេទ្យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

     

    Share This Post: