ព្រឹទ្ធសភាអាមេរិកបោះឆ្នោតរាវាំងផែនការកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ របស់លោកប្រធានាធិបតី ចូ បៃឌិន
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ម្សិលមិញនេះបានបោះឆ្នោតរារាំងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់លោកប្រធានាធិបតី ចូ បៃឌិន ដែលគ្រោងនឹងអនុវត្តចំពោះក្រុមហ៊ុនឯកជននៅដើមឆ្នាំ ២០២២ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការបោះឆ្នោតខាងលើនេះគឺមានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់សមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។

ប្រភពខាងលើបានបន្តថា តាមផែនរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គឺអាជ្ញាធរអាមេរិកនឹងតម្រូវឲ្យក្រុមហ៊ុនឯកជនដែលមានបុគ្គលិកលើសពី ១០០ នាក់ត្រូវតែមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឬត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ រៀងរាល់សប្តាហ៍ ដោយវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៤ ខែមករា ដើមឆ្នាំក្រោយ។ បើតាមលោក John Barrasso ដែលជាប្រធានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណៈរដ្ឋបានឲ្យដឹងថា ផែនការរបស់លោកប្រធានាធិបតីអាមេរិកគឺជាការបំពានសិទ្ធរបស់ពលរដ្ឋយ៉ាងខ្លាំង ព្រោះពលរដ្ឋអាមេរិកគ្រប់រូបមានសិទ្ធសម្រេចចិត្តដោយខ្លួនឯងថាត្រូវចាក់វ៉ាក់សាំងឬអត់។ យ៉ាងណាក្តី សមាជិកព្រឹទ្ធសភារូបនេះគាំទ្រឲ្យអាជ្ញាធរអាមេរិកអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងចំពោះក្រុមបុគ្គលិកសហព័ន្ធនិងក្រុមយោធាអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia