សិង្ហបុរីរកឃើញករណីឆ្លងកូវីដអូមីក្រុងចំពោះពលរដ្ឋ ២នាក់ដែលបានចាក់វ៉ាក់សាំងចំនួន ៣ដូសរួចហើយ
សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសិង្ហបុរីបានជូនដំណឹងពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ២ករណី ដោយនៅក្នុងនោះ ១ករណី ជាការចម្លងនៅក្នុងសហគមន៍ និង១ករណីផ្សេងទៀតគឺជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺទាំង ២រូបនោះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ដូស និងថែមទាំងបានចាក់ដូសជំរុញរួចទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ករណីចម្លងនៅក្នុងសហគមន៍គឺត្រូវបានរកឃើញនៅក្នុងខ្លួនស្រ្តីជនជាតិសិង្ហបុរីអាយុ ២៤ ឆ្នាំ ដែលមានការងារជាអ្នកបម្រើសេវាអតិថិជននៅក្នុងប្រលានយន្តហោះអន្តរជាតិធំផុតរបស់សិង្ហបុរីគឺប្រលានយន្តហោះ Changi ។

ចំពោះករណីនាំចូលពីក្រៅប្រទេសវិញគឺត្រូវបានរកឃើញចំពោះស្រ្តីអាយុ ៤៦ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសអាឡឺម៉ង់ និងបានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃទី ៦ ខែធ្នូកន្លងទៅនេះ។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ស្រ្តីរូបនេះបានធ្វើតេស្តដោយម៉ាស៊ីនធំ (PCR)ម្តងក្នុងអំឡុងពេលគាត់កំពុងនៅក្រៅប្រទេស ហើយពេលមកដល់សិង្ហបុរីភ្លាមគាត់ក៏បានធ្វើតេស្តម្តងទៀត តែលទ្ធផលគឺអវិជ្ជមានទាំង ២លើក។ យ៉ាងណាក្តី កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ គាត់ចាប់ផ្តើមមានអាការៈមិនស្រួលខ្លួន ហើយគាត់ក៏បានធ្វើតេស្តម្តងទៀត ខណៈលទ្ធផលនៃការធ្វើតេស្តលើកទី ៣នេះបញ្ជាក់ថា រូបគាត់គឺវិជ្ជមានកូវីដ ១៩ ប្រភេទអូមីក្រុង។ ក្រោយរកឃើញករណីឆ្លងខាងលើនេះ អាជ្ញាធរសិង្ហបុរីក៏បានតម្រូវឲ្យពលរដ្ឋមួយចំនួនផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺទាំង ២នាក់នេះត្រូវធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងចំនួន ១០ ថ្ងៃផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia