ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងសម្រេចបន្ថយគម្លាតសម្រាប់ចាក់វ៉ាក់សាំងដូសជម្រុញឲ្យខ្លីជាងមុន ២ខែ ដើម្បីឆ្លើយតបនឹងកំណើននៃការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុង

    BY Pheakdey December 11, 2021
    កូរ៉េខាងត្បូងសម្រេចបន្ថយគម្លាតសម្រាប់ចាក់វ៉ាក់សាំងដូសជម្រុញឲ្យខ្លីជាងមុន ២ខែ ដើម្បីឆ្លើយតបនឹងកំណើននៃការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុង

    កូរ៉េខាងត្បូង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់បន្ថយគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជម្រុញជូនពលរដ្ឋពេញវ័យឲ្យខ្លីជាងមុន ២ខែ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងក្នុងពេលបច្ចុប្បន្ននេះ។ តាមគម្រោងដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកំណត់នាពេលកន្លងមកនោះគឺ ពលរដ្ឋពេញវ័យគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី ៣ បាន បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី ២ បានរយៈពេល ៥ខែ ឬយ៉ាងលឿនបំផុតត្រឹម ៤ខែ។

    យ៉ា​ងណាក្តីដើម្បីទប់ស្កាត់ការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុង កាលពីថ្ងៃសុក្រ ទី១០ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចឲ្យពលរដ្ឋពេញវ័យគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញបានក្រោយចាក់វ៉ាក់សាំងដូសទី ២បានរយៈពេល ៣ខែ។ គួររម្លឹកថា កាលពី ៣សប្តាហ៍មុនអាជ្ញាធរកូរ៉េខាងត្បូងក៏បានកាត់បន្ថយគម្លាតនៃការចាក់វ៉ាក់សាំងដូសជម្រុញចំពោះពលរដ្ឋវ័យចំណាស់ដែលមានអាយុលើសពី ៦០ឆ្នាំផងដែរ ដោយកាត់ពី ៦ខែ មកសល់ត្រឹម ៤ខែ។ សូមបញ្ជាក់ជូនថា ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចអនុវត្តផែនការ “រស់នៅជាមួយកូវីដ ១៩” ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ ១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងជាមធ្យមមានចំនួន ៧,០០០ នាក់ក្នុងមួយថ្ងៃ។ គិតជាសរុបរួមត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩សរុបជាង ៥សែននាក់ និងស្លាប់សរុបជាង ៤ពាន់នាក់ ហើយចំពោះការចាក់វ៉ាក់សាំងវិញគឺមានពលរដ្ឋកូរ៉េខាងត្បូង ៩៤%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៣១%បានចាក់រហូតដល់ដូសជម្រុញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: