ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបើកដំណើរការរោងចក្រផលិតថាមពលធំបំផុតនៅតំបន់អាស៊ានដែលផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការផលិតរថយន្តអគ្គិសនី

    BY Pheakdey December 13, 2021
    ថៃបើកដំណើរការរោងចក្រផលិតថាមពលធំបំផុតនៅតំបន់អាស៊ានដែលផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការផលិតរថយន្តអគ្គិសនី

    ថៃ​៖ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ម្សិលមិញនេះ ក្រុមហ៊ុនផលិតថាមពលរបស់ថៃ Energy Absolute Plc (EA) បានបើកដំណើរការរោងចក្រផលិតអាគុយនិងប្រពន្ធផ្ទុកថាមពលដ៏ធំបំផុតជាងគេមួយប្រចាំនៅតំបន់អាស៊ាន ដែលថាមពលទាំងនោះនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់កិច្ចការផលិតរថយន្តអគ្គិសនី។  បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថារោងចក្រដែលនឹងក្លាយជាកន្លែងផលិតថាមពលធំជាងនៅក្នុងតំបន់អាស៊ាននោះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ៩០ Rai (១៤,៤០ ហិចតា) នៅក្នុងខេត្ត Chachoengsao ភាគខាងកើតនៃប្រទេសថៃ។

    ប្រភពខាងលើបន្តថា រោងចក្រនេះមានសមត្ថភាពអាចផលិតថាមពលបានចំនួន ៥០ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ដែលចំនួននេះគឺច្រើជាងចំនួនដែលប្រទេសថៃអាចបង្កើតបាននាពេលកន្លងមកចំនួន ១០ដង។ លោក Somphote Ahunai ដែលជាអគ្គនាយកក្រុមហ៊ុន Energy Absolute Plc (EA)​ បានបញ្ជាក់ថា អាគុយដែលគេគ្រោងនឹងផលិតនោះគឺជាអាគុយប្រភេទ Lithium-ion Battery អាចប្រើប្រាស់បានជាមួយរថយន្តខ្នាតតូច រថយន្តទ្រុង រថយន្តក្រុង និងទូកជាដើម ខណៈការសាកថ្មវិញគឺគេត្រូវការពេលវេលាត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ អគ្គនាយករូបនេះបានបន្ថែមទៀតថា សម្រាបរថយន្តក្រុងដឹកអ្នកដំណើរដែលប្រើប្រាស់អាគុយប្រភេទ Lithium-ion Batteryនេះ គឺសាកថ្មតែម្តងអាចបើកដំណើរបានរហូតដល់ ២៤០ គីឡូម៉ែត្រ ​ហើយបើគិតពីទំហំថាមពលដែលរោងចក្រខាងលើអាចផលិតបានគឺវាគ្រប់គ្រាន់សម្រាប់ប្រើជាមួយរថយន្តក្រុងចំនួន ៤,១៦០គ្រឿងក្នុងមួយឆ្នាំ។ ដោយឡែកសម្រាប់គុណប្រយោជន៍ចំពោះបរិស្ថានវិញគឺបើមានរថយន្តក្រុង ៤,១៦០គ្រឿងដំណើរការដោយថាមពលអគ្គិសនីនោះគឺវានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានចំនួន ៩១,៧០៩តោនក្នុងមួយឆ្នាំផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: