ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋដើម្បីត្រៀមទប់ទល់នឹងអូមីក្រុង

    BY Pheakdey December 14, 2021
    ថៃពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋដើម្បីត្រៀមទប់ទល់នឹងអូមីក្រុង

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ម្សិលមិញថា នឹងពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានលឿនជាងផែនការដែលបានគ្រោងទុកនាពេលកន្លងមក ដើម្បីឲ្យពលរដ្ឋឆាប់ទទួលបានប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើតាមលោក Anutin Charnvirakul  ដែលជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមផែនការគឺអាជ្ញាធរសុខាភិបាលថៃនឹងអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញក្នុងចន្លោះពេលពី ៤-៦ខែ​ ក្រោយបានចាក់វ៉ាក់សាំងដូសទី ២ រួច តែពេលនេះអាជ្ញាធរបានសម្រេចបន្ថយគម្លាតរយៈពេលនេះមកសល់ត្រឹម ៣ខែប៉ុណ្ណោះ។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានប្រាប់ឲ្យដឹងថា មូលហេតុនៃការកាត់បន្ថយគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញនេះគឺដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង ហើយអាជ្ញាធរចង់បង្កើតប្រព័ន្ធភាពស៊ាំជូនប្រជាពលរដ្ឋឲ្យបានមុនពេលវ៉ារ៉្យង់នេះឆ្លងចូលទៅដល់សហគមន៍។​ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៨ ករណី ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺខ្លះក៏មានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋថៃមួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃជាង ៤៣លាននាក់ ឬស្នើនឹង ៦០% នៃចំនួនពលរដ្ឋគោលដៅសរុបបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងមានពលរដ្ឋ ៤,១លាននាក់បានចាក់រួចរាល់រហូតដល់ដូសជម្រុញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: