កូរ៉េខាងត្បូងនឹងអនុវត្តវិធានការរឹតបន្តឹងប្រទេសឡើងវិញក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ប្រចាំថ្ងៃបន្តកើនឡើងយ៉ាងគំហុក
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការរឹតបន្តឹងប្រទេសឡើងវិញក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃបានកើនឡើងយ៉ាងកំហុកក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ។ គេនៅចាំបានថា កាលពី ២សប្តាហ៍មុនតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងកើនឡើងលើស ៥,០០០ពាន់នាក់ ហើយកាលពីសប្តាហ៍មុនតួលេខអ្នកឆ្លងបានបន្តកើនឡើងលើស ៧,០០០ នាក់ ខណៈកាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូម្សិលមិញនេះតួលេខអ្នកឆ្លងបានកើនរហូតដល់ ៧,៨៥០នាក់ ដែលវាជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។

អ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយទៀតនោះគឺចំនួនអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរក៏បានកើនឡើងខ្ពស់ផងដែរ ដោយក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៧,៨៥០នាក់កាលពីថ្ងៃម្សិលមិញនេះគឺមានអ្នកឈឺធ្ងន់ធ្ងររហូតដល់ ៩៦៤នាក់។ បើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេគឺនៅថ្ងៃសុក្រ ទី១៧ ខែធ្នូខាងមុខនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រកាសពីការអនុវត្តវិធានការរឹតបន្តឹងប្រទេសឡើងវិញហើយ ដោយវិធានការទាំងនោះរួមមានហាមឃាត់មិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាក្នុងចំនួនច្រើននៅទីសាធារណៈ និងដាក់បំរាមគោចរចំពោះម៉ោងពេលនិងទីកន្លែងសម្រាប់ការញ៉ាំអាហារពេលល្ងាចរបស់ប្រជាពលរដ្ឋជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៥សែននាក់ ក្នុងនោះមាន ១២៨នាក់ជាករណីឆ្លងមេរោគអូមីក្រុង និងមានអ្នកស្លាប់សរុបជាង ៤ពាន់នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia