Pfizer អះអាងថា ថ្នាំគ្រាប់របស់ខ្លួនមានប្រសិទ្ធភាពជិត ៩០% ការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរឬទទួលមរណភាព ដោយសារជំងឺកូវីដ ១៩
ក្រុមហ៊ុនផលិតឱសថ Pfizer Inc បានអះអាងកាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ម្សិលមិញថា ថ្នាំលេបប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនខ្លួនមានប្រសិទ្ធភាព អាចការពារមិនឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ដោយសារជំងឺកូវីដ ១៩ បានរហូតដល់ជិត ៩០% និងថែមទាំងមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបានទៀតផង។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានឲ្យដឹងថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុន Pfizer Inc បានធ្វើការពិសោធន៍ទៅលើក្រុមអ្នកស័្មគ្រចិត្តជាង ២,២០០នាក់ ដែលមិនបានចាក់វ៉ាក់សាំងនិងបានឆ្លងជំងឺកូវីដ ១៩។

ប្រភពខាងលើបានបន្តថា នៅក្នុងការពិសោធន៍គេបានឲ្យក្រុមអ្នកជំងឺលេបថ្នាំភ្លាមៗក្រោយតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដោយអ្នកជំងឺត្រូវលេបថ្នាំរៀងរាល់ ១២ម៉ោងម្តង និងលេបក្នុងរយៈពេល ៥ថ្ងៃជាប់គ្នា។ លទ្ធផលនៃការពិសោធន៍បានបង្ហាញទិន្ន័យជារួមមួយគឺ ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលមានឈ្មោះថា Paxlovid អាចការពារមិនឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់បាន ៨៩% ហើយនេះគឺជាអត្រាប្រសិទ្ធភាពខ្ពស់មួយមិនចាញ់ការចាក់វ៉ាក់សាំងបង្ការនោះទេ។
បើតាមលោក Mikael Dolsten ដែលជាប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer បានបង្ហាញចំណាប់អារម្មណ៍ថា លទ្ធផលនៃការពិសោធន៍ខាងលើនេះគឺជាលទ្ធផលដែលល្អលើសការរំពឹងទុករបស់ក្រុមហ៊ុនទៅទៀត ហើយរហូតមកទល់នឹងពេលនេះខាងក្រុមហ៊ុនបានដាក់សំណើទៅកាន់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកហើយ ដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំលេបប្រភេទនេះជាសាធារណៈ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters