ក្រុងបាងកកនឹងមានពិធីជប់លៀងឆ្លងឆ្នាំដ៏ធំមួយដែលមានរយៈពេលរហូតដល់ ៥ថ្ងៃ
ថៃ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម CentralWorld នឹងរៀបចំពិធីជប់លៀងឆ្លងឆ្នាំដ៏ធំបំផុតមួយប្រចាំទីក្រុងបាងកកដោយមានរៀបចំកម្មវិធីពិសេសៗជាច្រើនក្នុងរយៈពេល ៥ថ្ងៃជាប់គ្នា ដើម្បីអបអរក្នុងឱកាសនៃការបិទបញ្ចប់ឆ្នាំ ២០២១ និងចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ២០២២។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជប់លៀងឆ្លងឆ្នាំដ៏ធំនោះត្រូវបានដាក់ឈ្មោះថា “centralwOrld BangkOk cOuntdOwn 2022” ដែលនឹងត្រូវរៀបចំឡើងក្នុងបរិវេណនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម CentralWorld ចាប់ពីថ្ងៃទី ២៥ ខែធ្នូ រហូតដល់យប់ថ្ងៃទី ៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី ១ នៃឆ្នាំ ២០២២។

បើតាមលោក Nattakit Tangpoonsinthana អគ្គនាយករងក្រុមហ៊ុន Central Pattana Public Co ដែលជាក្រុមហ៊ុនគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម CentralWorld បានឲ្យដឹងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំខាងលើនេះគឺគេអាចបង្ហាញឲ្យឃើញថា CentralWorldគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនិងមានសក្តានុពលបំផុតប្រចាំនៅតំបន់អាស៊ី។ លោកអគ្គនាយករងរូបនេះបានបញ្ជាក់ផងដែរថា កម្មវិធីជប់លៀងខាងលើនេះនឹងត្រូវរៀបចំឡើងឲ្យស្របតាមវិធានការអនាម័យដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ដោយអ្នកចូលរួមទាំងអស់ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនិងចុះឈ្មោះមុនដើម្បីឲ្យគេអាចកំណត់ចំនួនមនុស្សបាន ហើយអ្នកចូលរួមទាំងអស់ក៏ត្រូវតែពាក់ម៉ាស់និងវាស់កម្តៅផងដែរមុនពេលចូលរួមក្នុងកម្មវិធី៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍