ស្រួលហើយអត់អស់លុយទៀត! ពលរដ្ឋខ្មែរទាំងអស់ ដែលសិក្សា និងធ្វើការនៅកូរ៉េ លែងពិបាករឿងពន្យាសុពលភាពលិខិតឆ្លងដែនទៀតហើយ
- October 22, 2018
យោងតាមការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំង ដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអ៊ីនឆន់ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី២៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអ៊ិនឆន់ ដែលមានអាសយដ្ឋាន 인천광역시 남동구 호구포로 220 명진프라자 ជាន់ទី១២ ចាប់ពីម៉ោង ១៣ និង០០ ដល់ម៉ោង ១៧ និង០០ រសៀល។
គួរបញ្ជាក់ដែរថា គិតត្រឹមខែតុលា ក្នុងឆ្នាំ២០១៨ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីចុះពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់លើច្បាប់ការងារ នៅនឹងកន្លែងជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទីក្រុងនានា នៃសាធារណរដ្ឋកូរ៉េ បានចំនួន ៧លើក ស្មើនឹងជាង ១៣០០ លិខិតឆ្លងដែន ដោយពុំចាំបាច់ឱ្យប្រជាពលរដ្ឋ ពិបាកចំណាយថវិកា និងពេលវេលា ធ្វើដំណើរមកបន្ដនៅទីក្រុងសេអ៊ូល៕

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관
- Share This Post:











