ព្យុះទីហ្វុងរ៉ៃបានឆក់យកជីវិតពលរដ្ឋហ្វីលីពីន ២០៨នាក់ ខណៈពលរដ្ឋ ៣សែននាក់ផ្សេងទៀតកំពុងជម្លៀសខ្លួនជាបន្ទាន់
ហ្វីលីពីន៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូនេះចំនួនពលរដ្ឋហ្វីលីពីនដែលបានស្លាប់ដោយសាតែខ្យល់ព្យុះទីហ្វុងរ៉ៃ (Typhoon Rai) បានកើនដល់ចំនួន ២០៨ នាក់ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia។ គួររម្លឹកថា ខ្យល់ព្យុះទីហ្វុងរ៉ៃបានផ្តើមវាយប្រហារតំបន់ភាគខាងត្បូងនិងភាគកណ្តាលនៃប្រទេសហ្វីលីពីនចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ កន្លងមក ហើយព្យុះមួយនេះត្រូវបានអាជ្ញាធរហ្វីលីពីនចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់និងបង្កមហន្តរាយយ៉ាងខ្លាំងផងដែរសម្រាប់នៅក្នុងឆ្នាំ ២០២១នេះ។

បើតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានឲ្យដឹងថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ខាងលើនោះ គឺគិតត្រឹមពេលនេះមានពលរដ្ឋហ្វីលីពីនចំនួន ២៣៩នាក់កំពុងរងរបួស ៥២នាក់កំពុងបាត់ខ្លួន ខណៈពលរដ្ឋប្រមាណជា ៣០០,០០០ នាក់ផ្សេងទៀតកំពុងធ្វើការជម្លៀសខ្លួនជាបន្ទាន់ទៅកាន់កន្លែងមានសុវត្ថិភាព។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៣ កន្លងទៅនេះហ្វីលីពីនធ្លាប់ទទួលរងការវាយប្រហារដោយខ្យល់ព្យុះក្នុងកម្រិតធ្ងន់ធ្ងរម្តងរួចហើយ ដោយព្យុះនោះមានឈ្មោះថា Super Typhoon Haiyan និងបានសម្លាប់ពលរដ្ឋហ្វីលីពីនប្រមាណជា ៧,៣០០ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia