ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងប្រារព្ធពិធីកាន់ទុក្ខគំរប់ខួប១០ឆ្នាំ លោកគីម ជុងអ៉ីល ដោយពលរដ្ឋទូទាំងប្រទេសត្រូវបានហាមឃាត់មិនឲ្យផឹកស្រា សូម្បីតែសើចក៏មិនឲ្យសើចដែរ

    BY Pheakdey December 20, 2021
    កូរ៉េខាងជើងប្រារព្ធពិធីកាន់ទុក្ខគំរប់ខួប១០ឆ្នាំ លោកគីម ជុងអ៉ីល ដោយពលរដ្ឋទូទាំងប្រទេសត្រូវបានហាមឃាត់មិនឲ្យផឹកស្រា សូម្បីតែសើចក៏មិនឲ្យសើចដែរ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេល ១១ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ ខែធ្នូនេះតទៅសម្រាប់ខួបលើកទី ១០ នៃការទទួលមរណភាពរបស់លោក គីម ជុងអ៉ីល អតីតមេដឹងនាំកូរ៉េខាងជើងដែលត្រូវជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំក្នុងពេលបច្ចុប្បន្ននេះ។ លោក គីម ជុងអ៉ីល បានឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងនៅឆ្នាំ​ ១៩៩៤ តាមរយៈការស្នងតំណែងពីឪពុកដែលជាបិតាស្ថាបនិកជាតិកូរ៉េខាងជើងគឺលោក គីម អ៉ីលស៊ុង ហើយលោកគីម ជុងអ៉ីល បានទទួលមរណភាពនៅក្នុងឆ្នាំ ២០១១។ តាមធម្មតាពិធីកាន់ទុក្ខលោក គីម ជុងអ៉ីល ត្រូវបានធ្វើឡើងក្នុងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ តែនៅក្នុងឆ្នាំនេះគេបានបន្ថែមរហូតដល់ ១១ថ្ងៃ ព្រោះតែវាជាខួបគម្រប់ ១០ ឆ្នាំ។

    បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន RFA បានបញ្ជាក់ថា នៅក្នុងរយៈពេលនៃការកាន់ទុក្ខ ១១ ថ្ងៃនេះ ពលរដ្ឋកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពជាច្រើនដូចជា មិនឲ្យផឹកស្រានិងប្រារព្ធពិធីសប្បាយរីករាយនៅតាមទីសាធារណៈ ហើយចំពោះអ្នកដែលផឹកស្រាស្រវឹងនៅតាមទីសាធារណៈនឹងត្រូវគេចាត់ទុកថា បានប្រព្រឹត្តិបទល្មើសដ៏ធ្ងន់ធ្ងរប្រឆាំងនឹងអាជ្ញាធរ។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងអស់មិនត្រូវអនុញ្ញាតឲ្យចាក់ផ្សាយកម្មវិធីបែបកំសាន្តឡើយ តែត្រូវចាក់ផ្សាយនូវប្រវត្តិនិងស្នាដៃរបស់លោក  គីម ជុងអ៉ីល។ ចំពោះអាជ្ញាធរតាមមូលដ្ឋានវិញត្រូវបានផ្តល់សិទ្ធពិសេសសម្រាប់ឃ្លាំមើលប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋរៀបចំពិធីខួបកំណើតសម្រាប់ខ្លួនឯងឡើយ ហើយពលរដ្ឋក៏ត្រូវហាមឃាត់មិនឲ្យសូម្បីតែសើចសប្បាយ។

    ចំពោះករណីមានពលរដ្ឋណាម្នាក់ស្លាប់វិញគឺក្រុមគ្រួសារត្រូវបានហាមឃាត់មិនឲ្យយំឮៗនោះទេ ហើយត្រូវរង់ចាំរហូតដល់ពិធីកាន់ទុក្ខបិទបញ្ចប់ទើបអាចយកសាកសពទៅបញ្ចុះឬបូជាតាមប្រពៃណីបាន។ ដោយឡែកសម្រាប់ហាងលក់គ្រឿងទេសវិញក៏ត្រូវបានហាមឃាត់មិនឲ្យបើកដំណើរផងដែរនៅក្នុងរយៈពេលនៃការកាន់ទុក្ខនេះ។ យ៉ាងណាក្តី អាជ្ញាធរកូរ៉េខាងជើងបានប្រាប់ឲ្យក្រុមហ៊ុនរដ្ឋទាំងអស់ត្រូវត្រៀមអាហារសម្រាប់ផ្តល់ជូនបុគ្គលិកខ្លួន ក្នុងករណីដែលក្រុមបុគ្គលិកទាំងនោះត្រូវមកធ្វើការងារដោយពិបាករកទិញអាហារញ៉ាំដោយខ្លួនឯង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ RFA

    Share This Post: