ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Moderna អះអាងថា ការចាក់វ៉ាក់សាំងក្រុមហ៊ុនខ្លួនមួយដូសពេញសម្រាប់ជាដូសជម្រុញគឺមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគអូមីក្រុងបាន

    BY Pheakdey December 21, 2021
    Moderna អះអាងថា ការចាក់វ៉ាក់សាំងក្រុមហ៊ុនខ្លួនមួយដូសពេញសម្រាប់ជាដូសជម្រុញគឺមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគអូមីក្រុងបាន

    អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់អាមេរិក Moderna បានឲ្យអះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនក្នុងបរិមាណមួយដូសពេញសម្រាប់ជាដូសជម្រុញគឺវាមានប្រសិទ្ធភាពអាចប្រឆាំងទៅនឹងមេរោគនៃជំងឺកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបាន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការអះអាងរបស់ក្រុមហ៊ុន ​Moderna ខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗដោយផ្អែកលើលទ្ធផលចេញពីមន្ទីរពិសោធន៍ដែលក្រុមអ្នកជំនាញបានរកឃើញកាលពីថ្ងៃចន្ទ ទី២០ ខែធ្នូម្សិលមិញនេះ។

    ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សានោះគេបានយកសំណាកឈាមរបស់មនុស្សចំនួន ៤០នាក់ ទៅពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិតផ្សេងៗគ្នា ដោយពាក់កណ្តាលត្រូវបានគេដាក់ពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិត ៥០មីក្រូក្រាម និងពាក់កណ្តាលផ្សេងទៀតដាក់ពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិត ១០០មីក្រូក្រាម (មួយដូសពេញ)។ លទ្ធផលនៃការសិក្សាបានបង្ហាញទិន្នន័យជាក់ស្តែងថា សម្រាប់ក្រុមអ្នកចាក់វ៉ាក់សាំងក្នុងកម្រិត ៥០មីក្រូក្រាមគឺប្រព័ន្ធភាពស៊ាំរបស់ពួកគេបានកើនឡើង ៣៧ដង ខណៈអ្នកក្រុមអ្នកចាក់ក្នុងកម្រិត ១០០ មីក្រូក្រាមគឺប្រព័ន្ធភាពស៊ាំងបានកើតរហូតដល់ ៨៣ដង។ ហេតុដូចនេះហើយទើបក្រុមហ៊ុន Moderna ហ៊ានអះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនក្នុងកម្រិតមួយដូសពេញសម្រាប់ជាដូសជម្រុញគឺមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគអូមីក្រុងបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: