ពលរដ្ឋថៃ ២៥នាក់ដែលធ្វើដំណើរត្រលប់មកពីប្រទេសអារ៉ាប់រួមបានតេស្តវិជ្ជមានកូវីដអូមីក្រុង
ថៃ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ២៥នាក់បន្ថែមទៀតក្នុងចំណោមពលរដ្ឋថៃចំនួន ៣១នាក់ ដែលទើបត្រលប់មកពីបរទេសកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ពលរដ្ឋថៃទាំង ៣១នាក់នោះបានធ្វើដំណើរទៅចូលរួមកម្មវិធីធម្មយាត្រាតាមបែបសាសនាឥស្លាមនៅក្នុងទីក្រុង Mecca ប្រទេសអារ៉ាប់រួម ហើយពេលត្រលប់មកដល់ប្រទេសថៃភ្លាមគឺពួកគាត់បានតេស្តអវិជ្ជមានកូវីដ ១៩ ទាំងអស់គ្នា។

យ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកដំណើរមួយចំនួនក្នុងចំណោមពលរដ្ឋទាំង ៣១នាក់នោះបានផ្តើមចេញរោគសញ្ញាក្តៅខ្លួនខ្លាំង ហើយពេលទៅតេស្តម្តងទៀតក៏ប្រទះឃើញលទ្ធផលវិជ្ជមានកូវីដអូមីក្រុងតែម្តង។ បច្ចុប្បន្នអ្នកជំងឺទាំង ២៥នាក់នោះត្រូវបានគេយកទៅព្យាបាលដាច់ដោយឡែក ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងតែធ្វើចត្តាឡីស័កដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ។ គួររម្លឹកថា កាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង ហើយក្រោយពីការរកឃើញនេះអាជ្ញាធរថៃក៏បានសម្រេចអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះគ្រប់អ្នកដំណើរអន្តរជាតិឡើងវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍