ថៃត្រៀមរួចរាល់សម្រាប់ការចាក់វ៉ាក់សាំងកូវីដដូសទី ៤ជូនក្រុមបុគ្គលិកសុខាភិបាលជួរមុខ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា បានត្រៀមរួចរាល់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ បន្ថែមពីលើដូសជម្រុញទៅកាន់ក្រុមបុគ្គលិកសុខាភិបាលជួរមុខនិងក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា គម្រោងនៃការចាក់វ៉ាក់សាំងដូសទី ៤នេះ ត្រូវបានបញ្ជូនទៅដល់គណៈកម្មាធិការថ្នាក់ជាតិរួចហើយ ខណៈគេរំពឹងថាសេចក្តីសម្រេចផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា នាពេលកន្លងមកអាជ្ញាធរសុខាភិបាលថៃបានសម្រេចប្រើប្រាស់វ៉ាក់សាំង AstraZeneca ឬ Pfizer សម្រាប់ចាក់ជាដូសទី ៣ ចំពោះក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ និងទី ២ ដូចនេះសម្រាប់ដូសទី ៤ គឺអាជ្ញាធរថៃនឹងសម្រេចជ្រើសរើសវ៉ាក់សាំង AstraZeneca ឬ Pfizer សម្រាប់ប្រើប្រាស់ជាបន្តទៀតផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៦៣% និង ៧២% ទើបបានចាក់ត្រឹមដូសទី ១ ខណៈអ្នកចាក់ដល់ដូសជម្រុញមានចំនួន ៦,៨ %៕

អត្ថបទ៖ ភក្តី
ប្រភព៖បាងកកប៉ុស្តិ៍