សាលាក្រុងបាងកកសម្រេចលុបចោលកម្មវិធីធំៗសម្រាប់អបអរក្នុងថ្ងៃឆ្លងឆ្នាំព្រោះបារម្ភពីការាតត្បាតកូវីដអូមីក្រុង
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សាលាក្រុងបាងកកបានសម្រេចលុបចោលគ្រប់កម្មវិធីទាំងអស់ដែលសាលាក្រុងគ្រោងនឹងរៀបចំសម្រាប់អបអរក្នុងពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ ព្រោះតែភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ យ៉ាងណាក្តី អាជ្ញាធរថៃនៅបន្តអនុញ្ញាតឲ្យវិស័យឯកជនទាំងអស់អាចរៀបចំពិធីអបអរទ្រង់ទ្រាយតូចបាន តែត្រូវអនុវត្តវិធានការសម្រាប់បង្ការជំងឺកូវីដ ១៩ ឲ្យបានតឹងរឹងបំផុត។

បើតាមលោក Kriengyos Sudlapha ដែលជាអភិបាលរងនៃគណៈអភិបាលក្រុងបាងកកបានឲ្យដឹងថា តាមគម្រោងគឺសាលាក្រុងនឹងរៀបចំពិធីបួងសួងដ៏ធំមួយនៅយប់ក្នុងថ្ងៃឆ្លងឆ្នាំ លុះដល់ពេលឡើងគេនឹងនិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្តនិងរាប់បាត ខណៈកម្មវិធីទាំងនេះនឹងត្រូវរៀបចំឡើងជាសាធារណៈដែលគេរំពឹងថានឹងមានការចូលរួមពីសំណាក់ពលរដ្ឋថៃជាច្រើននាក់ផងដែរ។ យ៉ាងណាក្តី ពេលនេះសាលាក្រុងបាងកកសម្រេចផ្អាកកម្មវិធីទាំងអស់នេះហើយ ដើម្បីរក្សាសុវត្ថិភាពពីការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលគេដឹងថាជាប្រភេទមេរោគមានសមត្ថភាពចម្លងបានលឿនជាទីបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍