នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ឲ្យរដ្ឋមន្ត្រីទាំងអស់ត្រូវលុបចោលដំណើរកំសាន្តនាពេលចុងឆ្នាំហើយមកធ្វើការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាទឹកជំនន់
ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ បានប្រាប់ឲ្យសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ត្រូវលុបដំណើរកំសាន្តរបស់ខ្លួនជាបន្ទាន់ ហើយត្រូវត្រលប់មកបំពេញការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដែលកំពុងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះពលរដ្ឋម៉ាឡេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្នុងឱកាសចុងឆ្នាំ ២០២១ នេះគឺមានរដ្ឋមន្រ្តីនៃក្រសួងសំខាន់ៗជាច្រើនរូបរបស់រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងធ្វើដំណើរកំសាន្តទៅកាន់បរទេសនិងរដ្ឋមន្ត្រីមួយចំនួនបានចេញដំណើររួចទៅហើយ ខណៈពេលនេះម៉ាឡេស៊ីត្រូវប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

គួរម្លឹកជូនថា ទឹកជំនន់ដែលបង្កឡើងដោយសម្ពាធទឹកភ្លៀងធ្លាក់យ៉ាងជោគជាំនោះបានផ្តើមវាយប្រហារតំបន់សំខាន់ៗជាច្រើនក្នុងប្រទេសម៉ាឡេស៊ីចាប់តាំងសប្តាហ៍មុនមកម្លះ ហើយរហូតមកទល់នឹងពេលនេះស្ថានភាពទឹកជំនន់នៅតែស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ ពលរដ្ឋម៉ាឡេស៊ីដែលជាជនរងគ្រោះដោយទឹកជំនន់មួយចំនួនបានប្រាប់ឲ្យដឹងថា ពួកគាត់មិនដែលជួបប្រទះទឹកជំនន់យ៉ាងឆាប់រហ័សដូចនេះទេ ហើយពួកគាត់ក៏មិនបានត្រៀមការពារខ្លួនឲ្យបានទាន់ពេលវេលាដែរ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋម៉ាឡេស៊ីចំនួន ៤១នាក់ និង ៨នាក់នៅកំពុងបាត់ខ្លួន ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia