ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចដាក់ទណ្ឌកម្មមន្រ្តី ២៦រូប ដែលបណ្ដោយឲ្យមានការរាតត្បាតជំងឺកូវីដ ១៩នៅក្នុងក្រុងមួយដែលបានបិទខ្ទប់រួចទៅហើយ

    BY Pheakdey December 25, 2021
    ចិនសម្រេចដាក់ទណ្ឌកម្មមន្រ្តី ២៦រូប ដែលបណ្ដោយឲ្យមានការរាតត្បាតជំងឺកូវីដ ១៩នៅក្នុងក្រុងមួយដែលបានបិទខ្ទប់រួចទៅហើយ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីបម្រើការងារនៅក្នុងទីក្រុង Xi’an ជាច្រើនរូប ក្រោយពេលទីក្រុងដ៏សំខាន់មួយនេះមានការរាតត្បាតជំងឺកូវីដ ១៩ ជាច្រើននាក់បន្ថែមទៀត ខណៈទីក្រុងមួយនេះត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃរួចមកហើយ។ បើយោងតាមគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យរបស់គណបក្ស​កុម្មុយនីស្តចិនបានបញ្ជាក់ថា មន្ត្រីដែលត្រូវរងនូវការដាក់ទណ្ឌកម្មទាំងនោះមានចំនួន ២៦នាក់ ហើយពួកគេត្រូវរងនូវបទចោទរួមមួយគឺ  “ខ្វះភាពហ្មត់ចត់ក្នុងការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩”។ យ៉ាង​ណាក្តី គេមិនបានដឹងច្បាស់ថា ការដាក់ទណ្ឌកម្មនោះនឹងត្រូវធ្វើឡើងដោយរបៀបណានិងមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណានោះទេ។

    សូមបញ្ជាក់ជូនថា ទីក្រុង Xi’an ដែលមានពលរដ្ឋរស់នៅចំនួន ១៣លាននាក់ត្រូវបានសម្រេចបិទខ្ទប់ដោយអាជ្ញាធរចិនកាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅ ក្រោយមានការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩នៅតាមសហគមន៍ជាច្រើននាក់នារយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ក្រោយមានការបិទខ្ទប់ទៅហើយនោះស្រាប់តែកាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលក្នុងទីក្រុង Xi’an បានរកឃើញករណីអ្នកឆ្លងថ្មីចំនួន ៤៩នាក់បន្ថែមទៀត និងធ្វើឲ្យករណីឆ្លងសរុបក្នុងទីក្រុងនៅរយៈពេលចុងក្រោយនេះកើនដល់ ២៥០នាក់។ គួរបញ្ជាក់ជូនថា​ តួលេខអ្នកឆ្លងនេះហាក់មិនច្រើនោះទេបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួន តែសម្រាប់ចិនបានចាត់ទុកថាជាបរាជ័យមួយក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ដ្បិតចិនបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ឲ្យស្ថិតនៅកម្រិតសូន្យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: