ថៃទាញសញ្ញាអាសន្នកម្រិត៣ ចំពោះការរាតត្បាតអូមីក្រុង ខណៈអ្នកជំនាញព្រមានថាតួលេខអ្នកឆ្លងកូវីដអាចកើនដល់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយ
ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបានទាញសញ្ញាអាសន្នថ្មីមួយចំពោះការរាត្បាតនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ខណៈអ្នកជំនាញបានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយនេះ ប្រសិនបើអាជ្ញាធរមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងឲ្យបានតឹងរឹងបំផុតទេនោះ។ បើតាមលោកវេជ្ជបណ្ឌិត Kiattiphum Wongrajit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវីដអូមីក្រុងបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។

លេខាធិការអចិន្ត្រៃយ៍រូបនេះបានបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុនតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃមានត្រឹមចំនួន ១០៤នាក់ប៉ុណ្ណោះ ខណៈតួលេខអ្នកឆ្លងនេះបានកើនឡើងរហូតដល់ ៥១៤នាក់បើគិតត្រឹមថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះ។ យ៉ាងណាក្តី សញ្ញាអាសន្នដែលអាជ្ញាធរសុខាភិបាលថៃបានដាក់ចេញចំពោះស្ថានភាពរាតត្បាតមេរោគអូមីក្រុងនៅពេលនេះគឺជាភាពអាសន្នកម្រិត ៣ ដែលជាកម្រិតមួយមិនទាន់ធ្ងន់ធ្ងរខ្លាំងដូចពេលដែលថៃត្រូវប្រឈមនឹងការរាតត្បាតមេរោគកូវីដ ១៩ ប្រភេទ Delta នាពេលកន្លងមកនោះទេ។
តាមការព្យាករណ៍ផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit គឺប្រទេសថៃអាចនឹងជួបប្រទះសេណារីយ៉ូចំនួន ៣នៅដើមឆ្នាំ ២០២២នេះ ដោយសេណារីយ៉ូទី១គឺ ចំនួនអ្នកឆ្លងកូវីដ ១៩ អាចកើនដល់ខ្ទង់ ១០,០០០នាក់ក្នុងចន្លោះពេល ៦០-៧០ថ្ងៃដំបូងនៃឆ្នាំ ២០២២។ សេណារីយ៉ូទី ២គឺតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ១៥,០០០-១៦,០០០នាក់ក្នុងមួយថ្ងៃ ខណៈសេណារីយ៉ូទី ៣ ដែលជាស្ថានភាពអាក្រក់បំផុតនោះគឺតួលេខអ្នកឆ្លងអាចកើនដល់ខ្ទង់ ៣០,០០០នាក់ក្នុងមួយថ្ងៃ និងមានអ្នកស្លាប់ក្នុងចន្លោះពី ១៧០-១៨០នាក់ក្នុងមួយថ្ងៃផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍