ពលរដ្ឋមិចស៊ីកូជាច្រើននាំគ្នាដាក់ពាក្យប្តឹងប្រទេសចិន និង WHO ទាមទារសំណង២០ម៉ឺនសម្រាប់អ្នកធ្លាក់ខ្លួនឈឺ និង ៨០ម៉ឺនដុល្លារសម្រាប់អ្នកទទួលមរណភាព ដោយសារកូវីដ ១៩
មិចស៊ីកូ៖ ប្រជាពលរដ្ឋមិចស៊ីកូជាច្រើននាក់បាននាំគ្នាប្តឹងទាមទារប្រាក់សំណងពីប្រទេសចិននិងអង្គការសុខភាពពិភពលោកជុំវិញវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសមិចស៊ីកូ។ ពលរដ្ឋមិចស៊ីកូម្នាក់គឺលោក Jaime Michaus អាយុ ៦៣ឆ្នាំបានប្រាប់ឲ្យដឹងថា ជំងឺកូវីដ ១៩ បានឆក់យកជីវិតកូនស្រីវ័យ ២៦ឆ្នាំរបស់គាត់និងបានបន្សល់ទុកចៅស្រីម្នាក់ទើបមានអាយុជាង ១ខែឲ្យគាត់ត្រូវមើលថែ ដែលវាជាបន្ទុកដ៏ធំមួយសម្រាប់គាត់ជាមនុស្សចាស់និងបានចូលនិវត្តន៍ពីការងារួចទៅហើយ។

បុរសចំណាស់រូបនេះបានបន្តថា គាត់មិនមានសង្ឃឹមច្រើននោះទេក្នុងការទទួលបានប្រាក់សំណងតាមពាក្យបណ្តឹងរបស់គាត់នោះ តែយ៉ាងណាក្តីគាត់ត្រូវតែធ្វើរឿងនេះព្រោះវាជារឿងត្រឹមត្រូវដែលជនរងគ្រោះគួរតែធ្វើ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ពាក្យបណ្តឹងរបស់ក្រុមពលរដ្ឋមិចស៊ីកូទាំងនោះត្រូវបានដាក់ទៅកាន់តុលាការអន្តជាតិ Poplavsky International Law Offices ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្នុងពាក្យបណ្តឹងនោះគឺពលរដ្ឋមិចស៊ីកូបានទាមទារប្រាក់សំណងចំនួន ២០០,០០០ដុល្លារអាមេរិកសម្រាប់អ្នកជំងឺកូវីដ ១៩ម្នាក់ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធរ និង ៨០០,០០០ដុល្លារចំពោះអ្នកដែលបានស្លាប់។
គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសមិចស៊ីកូបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣,៩៦១,៦៦២នាក់ និងស្លាប់ចំនួន ២៩៩,១៣២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia