ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលថៃស្នើឲ្យបុគ្គលិករដ្ឋនិងឯកជនទាំងអស់ធ្វើការងារនៅតាមផ្ទះ ១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតអូមីក្រុង

    BY Pheakdey January 3, 2022
    រដ្ឋាភិបាលថៃស្នើឲ្យបុគ្គលិករដ្ឋនិងឯកជនទាំងអស់ធ្វើការងារនៅតាមផ្ទះ ១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតអូមីក្រុង

    ថៃ៖ រដ្ឋាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី៣ ខែមករានេះបានស្នើឲ្យភ្នាក់ងាររដ្ឋនិងក្រុមហ៊ុនឯកជនទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះក្នុងរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់រលកនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការស្នើសុំខាងលើនេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅទូទាំងប្រទេសថៃកើនឡើងលើស ១,៥០០នាក់ដោយគិតត្រឹមថ្ងៃទី១ ខែមករានេះ និងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃបានហក់ឡើងខ្ពស់មកវិញ ដោយជាមធ្យមថៃបានរកឃើញអ្នកឆ្លងថ្មីប្រមាណជា ៣,០០០នាក់ក្នុងមួយថ្ងៃ ខណៈនាពេលកន្លងមកតួលេខនេះបានធ្លាក់ចុះសល់ត្រឹម ១,០០០-២,០០០ នាក់ប៉ុណ្ណោះ។

    បើតាមលោក Thanakorn Wangboonkongchana ដែលជានាំពាក្យឲ្យរដ្ឋាភិបាលថៃបានឲ្យដឹងថា បើទោះជាមានការស្នើសុំឲ្យពលរដ្ឋត្រូវធ្វើការងារនៅតាមផ្ទះក៏ពិតមែន តែស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនៅពេលនេះគឺមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។​ យ៉ាងណាក្តី ការដាក់ចេញនូវវិធានការខាងលើនេះគឺដើម្បីទប់ស្កាត់កុំឲ្យរលកនៃការរាតត្បាតអូមីក្រុងអាចបង្កហានិភ័យក្នុងកម្រិតខ្ពស់ ដែលអាចនាំឲ្យមានការបិទខ្ទប់តំបន់មួយចំនួន ឬដល់កម្រិតត្រូវបិទខ្ទប់ប្រទេសទាំងមូល។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំមុន មកត្រឹមថ្ងៃទី១ ខែមករានេះ មេរោគអូមីក្រុងបានរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៤៧ នៅក្នុងប្រទេសថៃ និងមានករណីឆ្លងសរុបចំនួន ១,៥៥១ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: