ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំណត់ឲ្យកូនសិស្សរៀន Online ឡើងវិញ ខណៈសាលាខ្លះត្រូវបិទទ្វារតែម្តង ព្រោះភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ-១៩

    BY Pheakdey January 4, 2022
    ថៃកំណត់ឲ្យកូនសិស្សរៀន Online ឡើងវិញ ខណៈសាលាខ្លះត្រូវបិទទ្វារតែម្តង ព្រោះភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ-១៩

    ថៃ៖ តាមគម្រោងគឺគ្រប់សាលារៀននៅទូទាំងប្រទេសថៃនឹងត្រូវបើកទ្វារជាធម្មតាឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយមានការឈប់សម្រាកក្នុងឱកាសអបរពិធីបុណ្យសកលជាច្រើនថ្ងៃកន្លងមកនេះ។ យ៉ាងណាក្តី ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពនៃចម្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលដើរកំសាន្តពេលឆ្លងឆ្នាំនោះ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាននឹងកំណត់ឲ្យសិស្សានុស្សិសត្រូវរៀនពីចម្ងាយ ឬរៀន Online មួយសប្តាហ៍សិនដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ​មកក្នុងសាលា ក្នុងករណីដែលពួកគេបានឆ្លងជំងឺនេះក្នុងអំឡុងថ្ងៃឈប់សម្រាក។ បើតាមលោក Amporn Pinasa ដែលជានាយកគ្រប់គ្រងនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋានបានឲ្យដឹងថា ក្រសួងអប់រំថៃបានផ្តល់សិទ្ធឲ្យគណៈគ្រប់គ្រងសាលាទាំងអស់អាចធ្វើការសម្រេចដោយខ្លួនឯងចំពោះជម្រើសនៃការរៀនពីចម្ងាយនេះ ឬក៏អាចដាក់ចេញវិធានការផ្សេងៗតាមស្ថានភាពជាក់ស្តែងក្នុងខេត្តឬតាមតំបន់គ្រប់គ្រងរៀងៗខ្លួន។

    លោក Amporn Pinasa បានបន្តថា គ្រប់សាលារៀនទាំងអស់នៅក្នុងទីក្រុងបាងកកបានសម្រេចដាក់ឲ្យក្រុមកូនសិស្សត្រូវរៀនតាម Online ក្នុងរយៈពេលមួយសប្តាហ៍ ព្រោះគេយល់ឃើញថា ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនោះក្រុមគ្រួសាររបស់កូនសិស្សបានធ្វើដំណើរទៅតាមខេត្តហើយអាចនាំយកជំងឺកូវីដ ១៩ ពីខេត្តចូលមកទីក្រុងវិញ។ សម្រាប់គណៈគ្រប់គ្រងសាលានៅទូទាំងខេត្ត Ubon Ratchathani វិញបានសម្រេចដាក់ឲ្យកូនសិស្សសិស្សត្រូវរៀន Online រហូតដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះ ដ្បិតស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តនេះមានការហក់ឡើងគួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់ខេត្ត Khon Kaen និងខេត្ត Somsak Jungtrakul គឺគណៈអភិបាលខេត្តបានសម្រេចបិទសាលារហូតដល់ថ្ងៃទី ១៤ ខែមករា តែម្តង ដ្បិតខេត្តទាំង ២នេះកំពុងរងនូវការរាត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃមានតួលេខអ្នកឆ្លងជាង ២០០ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: