ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បារាំង អូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិកបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey January 5, 2022
    បារាំង អូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិកបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន

    ប្រទេសបារាំង អូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក​ សុទ្ធតែបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩​ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែមករានេះ។ អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនជាង ២៧០,០០០នាក់ក្នុងមួយថ្ងៃជាលើកដំបូងសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី៤ ខែមករា ម្សិលមិញនេះ។

    ក្នុងថ្ងៃដដែលនោះប្រទេសអូស្រ្តាលីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ជាង ៥០,០០០នាក់ ប្រទេសអង់គ្លេសរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២០០,០០០ នាក់ ខណៈតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកឯណោះវិញមានរហូតដល់ ១,០៨០,២១១ នាក់។ បើតាមក្រុមអ្នកជំនាញបានឲ្យដឹង​ថា កំណើនអ្នកឆ្លងជំងឺកូវីដ​ ១៩ ដ៏ច្រើននេះអាចជាលទ្ធផលមួយបន្សល់មកពីថ្ងៃបុណ្យឆ្លងឆ្នាំសកល ដោយក្នុងអំឡុងពេលនោះពលរដ្ឋជាច្រើនបាននាំគ្នាធ្វើដំណើរកំសាន្តនិងមិនបានធ្វើតេស្តរកជំងឺកូវីដ ១៩ នោះទេ តែពួកគេទើបសម្រុកមកធ្វើតេស្តព្រមគ្នាកាលពីថ្ងៃម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថា ភាគច្រើននៃករណីឆ្លងជំងឺកូវីដ ១៩ ទាំងនោះជាមេរោគអូមីក្រុង ជាក់ស្តែងនៅសហរដ្ឋអាមេរិកករណីឆ្លងអូមីក្រុងបានកើនឡើងរហូតដល់ ៥៩%នៃករណីឆ្លងសរុបបើធៀបទៅនឹងរយៈពេលចុងឆ្នាំ ២០២១៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: