អាងហែលទឹកស្តង់ដារអន្តរជាតិត្រៀមឲ្យអត្តពលិកកម្ពុជាហ្វឹកហាត់យកមេដៃជូនជាតិ នឹងលេចរូបរាងឆាប់ៗនេះ
- October 27, 2018
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីរាជការរបស់ក្រសួង។
ក្រសួងបានបញ្ជាក់ផងដែរថា កីឡាហែលទឹកឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅសម័យសង្គមរាស្ត្រនិយម តាមរយៈការបង្កើតឱ្យមានអាងហែលទឹកសម្រាប់អត្តពលិកហ្វឹកហាត់ជាច្រើនកន្លែង ប៉ុន្តែជា អកុសល ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) និងសង្គ្រាមជាច្រើន ទស្សវត្សរ៍កន្លងមក អាងហែលទឹកនៅក្នុងពហុកីឡដ្ឋានជាតិនេះ ត្រូវបានខូចខាតស្ទើរតែទាំងស្រុង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការ ស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើន កន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និង ស្វែងរកមេដៃជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងផងដែរថា៖ ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បាន បញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ក៏ដូចជាក្រុមហ៊ុនឯកជននានាដែលបានជួយឧបត្ថម្ភគាំទ្រដល់ការជួសជុលថែទាំអាងហែលទឹកក្នុងពហុ កីឡដ្ឋាននេះឱ្យមានភាពល្អប្រសើរឡើងវិញប្រកបដោយលក្ខណៈស្តង់ដារអន្តរជាតិ និងដែលបានចូលរួម ចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:

















