ការសិក្សាមួយបានបង្ហាញថា កុមារដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ គឺអាចមានហានិភ័យក្នុងការកើតមានជំងឺទឹកនោមផ្អែម
ថៃ៖ ការសិក្សាមួយបានរកឃើញថាកុមារដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច គឺអាចមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ នៅពេលខាងមុខ។ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសថៃ ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ទី៧ ខែមករា ម្សិលមិញនេះ។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមជាកុមារបានកើនឡើង ២,៦ ដង ហើយអ្នកជំងឺទាំងនោះគឺជាអ្នកធ្លាប់កើតជំងឺកូវីដ ១៩ រួច ខណៈបើគេគិតអំពីកម្រិតហានិភ័យជារួមគឺអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចអាចប្រឈមនឹងការកើតមានជំងឺទឹកនោមផ្អែម ៣០%ខ្ពស់ជាងអ្នកមិនបានកើតជំងឺជំងឺកូវីដ ១៩។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនបានបង្ហាញថា អ្នកធ្លាប់កើតជំងឺកូវីដ ១៩ អាចប្រឈមនឹងហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមដែរ តែការសិក្សាទាំងនោះបានផ្តោតទៅលើមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍