ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកណាមិនភ័យ! កំពុងជិះយន្តហោះសុខៗស្រាប់តែឃើញអ្នកអង្គុយក្បែរសរសេរសារថា “យើងកើតកូវីដ-១៩ហើយ”

    BY Pheakdey January 10, 2022
    អ្នកណាមិនភ័យ! កំពុងជិះយន្តហោះសុខៗស្រាប់តែឃើញអ្នកអង្គុយក្បែរសរសេរសារថា “យើងកើតកូវីដ-១៩ហើយ”

    អាមេរិក៖ ស្រ្តីជនជាតិអាមេរិកនិងជាអ្នកដំណើរតាមយន្តហោះម្នាក់បានឲ្យដឹងតាមរយៈគណនីបណ្តាញសង្គម Reddit ថា នាងបានឃើញស្រ្តីជាអ្នកដំណើរម្នាក់ដែលអង្គុយនៅកៅអីខាងមុខនាងសរសេរសារក្នុងទូរស័ព្ទដៃថា “ពួកយើងបានឆ្លងជំងឺកូវីដ ១៩ ហើយ ដូចនេះពួកយើងត្រូវតែត្រលប់ទៅផ្ទះមុនពេលកំណត់មួយថ្ងៃដើម្បីគេចពីការធ្វើចត្តាឡីស័ក”។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail មិនបាធ្វើការបញ្ជាក់ទីតាំងកើតហេតុថា តើស្ត្រីនោះរូបធ្វើដំណើរពីណាទៅណានោះឡើយ។

    តាមរយៈសារនេះគឺមានន័យថា ស្រ្តីដែលកំពុងអង្គុយក្នុងយន្តហោះនិងកំពុងសរសេរសារនោះមានជំងឺកូវីដ ១៩ ហើយមិត្តរបស់នាងម្នាក់ដែលអាចជាអ្នកកំពុងអង្គុយនៅក្នុងយន្តហោះជាមួយគ្នានោះ ឬជិះយន្តហោះសម្រាប់ជើងហោះបន្ទាប់ក៏បានឆ្លងជំងឺកូវីដ ១៩ ផងដែរ។

    ស្រ្តីជាអ្នកដែលបានលួចអានសារនោះថែមទាំងបានលួចថតសារតាមរយៈកាមេរ៉ាក្នុងទូរស័ព្ទដៃទៀតផង មុននឹងគាត់សម្រេចបង្ហោះព័ត៌មាននេះនៅលើបណ្តាញសង្គម។ គាត់បានឲ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ថា គាត់តក់ស្លុតយ៉ាងខ្លាំងក្រោយពេលប្រទះឃើញសារដូចនេះ ហើយគាត់នឹងធ្វើចត្តាឡីស័កដោយខ្លួនឯងក្រោយពេលចុះចេញពីយន្តហោះមួយនេះ។ យ៉ាងណាក្តី ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Reddit បានបញ្ចេញមតិជុំវិញបញ្ហានេះថា វាអាចជាការលេងសើចប៉ុណ្ណោះព្រោះមុនពេលជិះហោះអ្នកដំណើរគ្រប់រូបត្រូវគេពិនិត្យនិងតម្រូវឲ្យធ្វើតេស្តរហ័សរួចទៅហើយ។ អ្នកខ្លះទៀតបានបញ្ចេញមតិថា ការលួចអានសាររបស់អ្នកដទៃមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយចំពោះរឿងនេះទុកឲ្យខាងអាជ្ញាធរជាអ្នកដោយស្រាយទៅ៕


    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: