ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកនាយករដ្ឋមន្ត្រីថៃបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកុវីដ-១៩ ជាកុមារ

    BY Pheakdey January 12, 2022
    លោកនាយករដ្ឋមន្ត្រីថៃបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកុវីដ-១៩ ជាកុមារ

    លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីថៃនៅពេលនេះគឺបានកើតឡើង បន្ទាប់ពីរូបគាត់ទទួលបានរបាយការណ៍មួយដែលបង្ហាញថា មន្ទីរពេទ្យជាច្រើនមិនចង់ទទួលយកអ្នកជំងឺកូវីដ ១៩ ជាកុមារទៅព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យទាំងនោះហាក់មិនសូវមានបទពិសោធន៍ព្យាបាលកុមារដែលមានជំងឺកូវីដ ១៩។

    ឆ្លើយតបនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ទាំងមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ត្បិតកុមារគឺជាក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយនិងងាយរងគ្រោះដោយជំងឺកូវីដ ១៩ ជាទីបំផុត។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឲ្យមន្ទីរពេទ្យ Queen Sirikit National Institute of Child Health ដែលជាមន្ទីរពេទ្យឯកទេសកុមារត្រូវផ្តល់ការណែនាំអំពីរបៀបធ្វើតេស្តនិងព្យាបាលជំងឺកូវីដ ១៩ ចំពោះកុមារទៅកាន់គ្រប់មន្ទីរពេទ្យនៅទូទាំងប្រទេសផងដែរ ដើម្បីឲ្យមន្ទីរពេទ្យទាំងអស់នោះមានទំនុកចិត្តខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ National Thailand

    Share This Post: