ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃសម្រុកទៅទិញឧបករណ៍តេស្តរហ័សដែលអាជ្ញាធរដាក់លក់ក្នុងតម្លៃពិសេសគឺ ៣៥បាតសម្រាប់ឧបករណ៍មួយ

    BY Pheakdey January 14, 2022
    ពលរដ្ឋថៃសម្រុកទៅទិញឧបករណ៍តេស្តរហ័សដែលអាជ្ញាធរដាក់លក់ក្នុងតម្លៃពិសេសគឺ ៣៥បាតសម្រាប់ឧបករណ៍មួយ

    ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករានេះ ពលរដ្ឋថៃជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែងដើម្បីរង់ចាំទិញឧបករណ៍តេស្តរហ័សសម្រាប់ពិនិត្យស្វែងរកជំងឺកូវីដ ១៩ នៅ​ឯមជ្ឈមណ្ឌលផ្គត់ផ្គង់ឱសថរបស់រដ្ឋាភិបាលថៃមួយកន្លែងមានឈ្មោះថា  Government Pharmaceutical Organization ដែលមានទីទាំងស្ថិតនៅក្នុងទីក្រុងបាងកក។ បើយោងតាមបណ្តាញសារព័ត៌មាន National Thailand បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានពលរដ្ឋថៃជាច្រើនសម្រុកទៅទិញឧបករណ៍តេស្តរហ័សដូចនេះ ក៏ព្រោះតែថ្ងៃនេះជាថ្ងៃដំបូងដែលអាជ្ញាធរថៃបានដាក់លក់ឧបករណ៍តេស្តរហ័សក្នុងតម្លៃទាបជាងធម្មតាហើយចំនួនដែលត្រូវដាក់លក់ក៏មានកំណត់ផងដែរ។

    ប្រភពខាងលើបានបន្តថា​ សម្រាប់នៅក្នុងថ្ងៃនេះឧបករណ៍តេស្តរហ័សមួយត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៣៥ បាត ( ១ដុល្លារអាមេរិក) ហើយពលរដ្ឋម្នាក់អាចទិញឧបករណ៍តេស្តរហ័សច្រើនបំផុតបានត្រឹមតែ ១ប្រអប់ប៉ុណ្ណោះ។ ក្នុងមួយប្រអប់នោះគឺមានឧបករណ៍តេស្តរហ័សចំនួន ២០ ដូចនេះបើគេទិញមួយប្រអប់គឺត្រូវចំណាយលុយចំនួន ៧០០បាត ( ២០ ដុល្លារអាមេរិក)។ ចំពោះចំនួនឧបករណ៍តេស្តរហ័សដែលអាជ្ញាធរថៃបានដាក់លក់ក្នុងតម្លៃពិសេសនេះវិញគឺមានចំនួនកំណត់ត្រឹមតែ ១,០០០ ប្រអប់ប៉ុណ្ណោះ ខណៈត្រឹមតែមួយម៉ោងដំបូងគឺមានឧបករណ៍តេស្តរហ័សចំនួន ៤០០ ប្រអប់ត្រូវបានលក់ចេញបាត់ទៅហើយ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ជាទូទៅគឺពលរដ្ឋថៃម្នាក់សម្រេចទិញឧបករណ៍តេស្តរហ័សមួយប្រអប់ដើម្បីយកទៅទុកប្រើប្រាស់នៅតាមផ្ទះដោយខ្លួនឯង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ National Thailand

    Share This Post: