អន្តរជាតិ

ថៃគ្រោងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ដោយខ្លួនឯង

BY
Pheakdey
January 15, 2022

ថៃ៖ លោក Anutin Charnvirakul  រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះថា អាជ្ញាធរថៃគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង ខណៈដែលពេលនេះមេរោគអូមីក្រុងកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ​-១៩ ដែលកំពុងមានវត្តមាននៅក្នុងពេលបច្ចុប្បន្ននេះគឺថ្នាំ Molnupiravir ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc  ជាមួយនឹងក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។

ដោយឡែកសម្រាប់ប្រទេសថៃវិញគឺអាជ្ញាធរថៃចង់ផលិតថ្នាំលេបប្រភេទ Molnupiravir នេះជាកំណែថ្មីក្នុងប្រទេសខ្លួនដោយការប្រើប្រាស់វត្ថុធាតុដើមខ្លួនឯង តែរក្សារូបមន្តចាស់ដែលក្រុមហ៊ុនទាំង​ ២ខាងលើបានរកឃើញ។ យ៉ាងណាក្តី បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា អាជ្ញាធរថៃនឹងមិនផលិតថ្នាំលេបនេះតែម្នាក់ឯងទេ ពោលគឺត្រូវសហការណ៍ជាមួយនឹងវិទ្យាស្ថាន Chulabhorn Research Institute ឬដៃគូដែលអាចទៅរួចផ្សេងទៀតដូចជាប្រទេសបង់ក្លាដេស ឬឥណ្ឌាជាដើម។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានកើនឡើងគួរឲ្យគត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយគិតត្រឹមថ្ងៃសុក្រ ទី១៤ មករា ម្សិលមិញនេះតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរបស់ថៃមានរហូតដល់ជាង ៨ពាន់នាក់ ហើយភាគច្រើននៃអ្នកជំងឺទាំងនោះគឺជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: