អន្តរជាតិ

ឥណ្ឌូនេស៊ីគ្រោងផលិតថ្នាំកូវីដដោយប្រើរូបមន្តរបស់ក្រុមហ៊ុន Merck នៅក្នុងខែមេសាខាងមុខនេះ

BY
Pheakdey
January 15, 2022

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះ។ បើតាមលោក Budi Gunadi Sadikin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា តាមគម្រោងអាជ្ញាធរឥណ្ឌូនេស៊ីនឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិត​ឱសថ PT Amarox Pharma Global ក្នុងការផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូ​វីដ-១៩ នេះ។

លោករដ្ឋមន្ត្រីរូបនេះបានបន្តថា ថ្នាំលេបដែលអាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងផលិតនោះគឺជាថ្នាំប្រភេទ Molnupiravir ដែលរូបមន្តដើមរបស់ថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ទៀតថា បើគ្មានអ្វីប្រែប្រួលទេគឺអាជ្ញាធរឥណ្ឌូនេស៊ីនឹងផ្តើមផលិតថ្នាំលេបប្រឆាំងកូវីដ-១៩ ដែលជាកំណែថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមេសាឬឧសភាខាងមុខនេះហើយ។ គួរបញ្ជាក់ជូនថា នៅក្នុងសប្តាហ៍នេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេប Molnupiravir នៅក្នុងប្រទេសខ្លួនចំនួន ៤០០,០០០គ្រាប់រួចហើយ ដោយថ្នាំទាំងនោះគឺជាប្រភេទថ្នាំនាំចូលពីបរទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: