ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកបាត់បង់ជីវិត ដោយសារមេរោគកូវីដ-១៩ អូមីក្រុងជាលើកដំបូង

    BY Pheakdey January 17, 2022
    ថៃរកឃើញអ្នកបាត់បង់ជីវិត ដោយសារមេរោគកូវីដ-១៩ អូមីក្រុងជាលើកដំបូង

    ថៃ៖ កាលពីថ្ងៃអាទិត្យទី ១៦ ខែ​មករា ឆ្នាំ២០២២ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ អូមីក្រុងម្នាក់បា​នស្លាប់បាត់បង់ជីវិត ដែលករណីនេះគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសថៃផងដែរ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាស្រ្តីចំណាស់អាយុ ៨៦ ឆ្នាំ ហើយមុនពេលឆ្លងជំងឺកូវីដ-១៩ គាត់ក៏មានជំងឺភ្លេចភ្លាំងប្រចាំខ្លួននិងជាមនុស្សជរាម្នាក់ដែលសម្រាកព្យាបាលជំងឺនៅតែលើគ្រែប៉ុណ្ណោះ។

    បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា តាមពិតស្រ្តីរូបនេះបានស្លាប់តាំងពីថ្ងៃពុធមកម្លេះ​ តែក្រោយពេលដែលគាត់បានស្លាប់ខាងគ្រូពេទ្យបានយកសំណាកក្នុងខ្លួនរបស់គាត់ទៅពិនិត្យ ហើយលទ្ធផលដែលត្រូវបានបង្ហាញជាផ្លូវការកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានបញ្ជាក់ថា គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ប្រភពបានបន្តថា មុនពេលស្លាប់ស្រ្តីរូបនេះក៏បានប៉ះពាល់ជាមួយក្មួយប្រុសម្នាក់ផងដែរ ហើយក្រោយមកក្មួយម្នាក់នោះក៏បានធ្វើដំណើរទៅកាន់ជាកន្លែងជាច្រើនទៀតផងដែរ។ ក្នុងពេលនេះអាជ្ញាធរថៃកំពុងបន្តស្វែករកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ព្រោះថាអូមីក្រុងគឺងាយនឹងចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ខ្លាំងណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: