ពលរដ្ឋហូឡង់ធ្វើបាតុកម្មប្រឆាំងយុទ្ធនាការចាក់វ៉ាក់សាំងនិងវិធានការទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាល ខណៈអាជ្ញាធរហូឡង់បានរកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន
ហូឡង់៖ ពលរដ្ឋហូឡង់រាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលហូឡង់ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ម្សិលមិញនេះ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រុមបាតុករទាំងអស់នោះភាគច្រើនគឺជាកសិករហើយពួកគាត់បានធ្វើដំណើរដោយត្រាកទ័រពីតំបន់ផ្សេងៗឆ្ពោះទៅកាន់រដ្ឋធានី Amsterdam ដើម្បីប្រមូលផ្តុំគ្នាសម្តែងនូវការមិនពេញចិត្តរបស់ពួកគាត់ចំពោះវិធានការរបស់អាជ្ញាធរហូឡង់។

ក្នុងអំឡុងពេលធ្វើបាតុកម្មនោះក្រុមបាតុករបាននាំគ្នាចាក់ភ្លេង លើកបរដាដែលមានអត្ថន័យប្រឆាំងនឹងវិធានការរបស់អាជ្ញាធរ និងនាំគ្នាហែក្បួនដើម្បីបិទផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងផងដែរ។ គួរបញ្ជាក់ជូនថា ការចុះថ្នល់ធ្វើបាតុកម្មខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសហូឡង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរសុខាភិបាលហូឡង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣៦,០០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង។ គួររម្លឹកជូនថា ហូឡង់បានអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ ២០២១ មក ហើយគិតត្រឹមពេលនេះហូឡង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៣,៥លាននាក់ និងស្លាប់ជាង ២១ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia