អន្តរជាតិ

WHO បញ្ជាក់ថា គ្មានភស្តុតាងណាមួយថា កុមារនិងក្មេងជំទង់ដែលមានសុខភាពល្អត្រូវការវ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញនោះទេ

BY
Pheakdey
January 19, 2022

លោក Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ ខែមករាម្សិលមិញនេះថា រហូតមកទល់នឹងពេលនេះគ្មានភស្តុតាងណាមួយបញ្ជាក់ថាកុមារនិងក្មេងជំទង់ដែលមានសុខភាពល្អធម្មតាត្រូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញនោះទេ។ ប្រធានផ្នែកវិទ្យាសាស្រ្តរូបនេះបានបញ្ជាក់ថា បើទោះជាមានការអះអាងថាការចាក់វ៉ាក់សាំងដូសជម្រុញអាចជួយទប់ស្កាត់ការចម្លងមេរោគអូមីក្រុងក្នុងចំណោមពលរដ្ឋពេញវ័យទូទៅក៏ពិតមែន តែបើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពក្នុងពេលនេះគឺវាគ្មានភស្តុតាងទាល់តែសោះដែលបញ្ជាក់ថាកុមារនិងក្មេងជំទង់ដែលមានសុខភាពល្អចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ។

យ៉ាងណាក្តី លោក Soumya Swaminathan បានបញ្ជាក់ថា ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកក៏កំពុងបន្តការសិក្សាបន្ថែមទៀតជុំវិញករណីនេះផងដែរ ដើម្បីរកឲ្យឃើញច្បាស់ថាតើក្រុមមនុស្សប្រភេទណាឬស្ថិតនៅអាយុជាក់លាក់ប៉ុណ្ណាដែលត្រូវការវ៉ាក់សាំងដូសជម្រុញជាចាំបាច់នោះ។ គួររម្លឹកជូនថា បើទោះជាមានការរកឃើញដូចនេះក្តីតែប្រទេសមួយចំនួនបានសម្រេចចផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនពលរដ្ឋជាកុមារនិងក្មេងជំទង់រួចទៅហើយ ជាក់ស្តែងអ៊ីស្រាអែលជាប្រទេសដំបូងគេដែលបានផ្តើមចាក់វ៉ាក់សាំងដូសជម្រុញជូនកុមារមានអាយុត្រឹម ១២ឆ្នាំ។

កាលពីដើមខែនេះរដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកក៏បានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់ជាដូសជម្រុញចំពោះកុមារដែលមានអាយុចាប់ពី ១២-១៥ឆ្នាំផងដែរ។ ដោយឡែកសម្រាប់ប្រទេសអាឡឺម៉ង់វិញកាលពីសប្តាហ៍មុននេះបានណែនាំឲ្យពលរដ្ឋដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនពីមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: