អន្តរជាតិ

អាជ្ញាធរហុងកុងប្រមូលសត្វកណ្តុរចិញ្ចឹមរាប់ពាន់ក្បាលបោះចោល ក្រោយផ្ទុះករណីកូវីដនៅតាមហាងលក់សត្វចិញ្ចឹម

BY
Pheakdey
January 19, 2022

ហុងកុង៖ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ម្សិលមិញនេះ អាជ្ញាធរក្រុងហុងកុងបានបញ្ជាឲ្យសម្លាប់សត្វកណ្តុរចិញ្ចឹម (Hamster) ប្រហែលជា ២,០០០ក្បាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times។ ក្រៅតែពីបានសម្លាប់សត្វកណ្តុរដែលជាប្រភេទសត្វចិញ្ចឹមលម្អនៅក្នុងផ្ទះរាប់ពាន់ក្បាល អាជ្ញាធរក្រុងហុងកុងក៏បានបញ្ជាឲ្យបិទហាងលក់សត្វចិញ្ចឹមចំនួន ៣៤កន្លែងជាបណ្តោះអាសន្នផងដែរ ខណៈបុគ្គលិកនៅក្នុងហាងទាំងអស់នោះរួមជាមួយនឹងសត្វចិញ្ចឹមមួយចំនួនផងត្រូវកំណត់ឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ទាំងអស់។

ប្រភពខាងលើបានបញ្ជាក់ថា វិធានការដាច់ខាតនេះត្រូវបានដាក់ចេញជាបន្ទាន់ក្រោយអាជ្ញាធរហុងកុងបានរកឃើញថា មានបុគ្គលិកម្នាក់បម្រើការងារនៅក្នុងហាងលក់សត្វចិញ្ចឹមឈ្មោះ Little Boss បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទដែលតា កាលពីថ្ងៃចន្ទកន្លងទៅ ហើយករណីនេះបានបន្តចម្លងទៅកាន់មនុស្សចំនួន ៣នាក់បន្ថែមទៀតនិងសម្រាប់ទីតាំងមួយកន្លែងនេះ ខណៈអាជ្ញាធរហុងកុងក៏កំពុងតាមរកពលរដ្ឋចំនួន ១៥០នាក់ផ្សេងទៀតឲ្យមកធ្វើតេស្តរកជំងឺកូវីដ-១៩ ផងដែរ ព្រោះពួកគេធ្លាប់បានមកហាងមួយនេះនៅចន្លោះថ្ងៃទី ៧-១៥ ខែមករានេះ។

អាជ្ញាធរហុងកុងបានបន្តថា ហាង Little Boss មាន ១៥ សាខានៅទូទាំងក្រុងហុងកុង ហើយអ្នកដែលធ្លាប់ចូលមកហាងមួយនេះមួយចំនួនក៏បានបន្តទៅរកទិញសត្វចិញ្ចឹមនៅតាមហាងផ្សេងៗជាច្រើនកន្លែងទៀត។ គិតជាសរុបរួមមកទល់នឹងពេលនេះ អាជ្ញាធរហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធជាមួយហាងលក់សត្វចិញ្ចឹមនៅទូទាំងក្រុងហុងកុងចំនួន ១១នាក់ ខណៈគេកំពុងរង់ចាំមើលលទ្ធផលពិនិត្យសំណាករបស់ពលរដ្ឋចំនួន ៥១១នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរហុងកុងបានបញ្ជាក់ថា ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩នឹងត្រូវយកទៅសម្លាប់ចោលភ្លាម ហើយអ្នកពាក់ព័ន្ធជាមួយសត្វទាំងនោះត្រូវធ្វើចត្តាឡីស័កនិងតេស្តរកជំងឺកូវីដ-១៩ជាដាច់ខាត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

 

 

Share This Post: