ការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ២០១៩មានមនុស្សជាង ១,២លាននាក់បានបាត់បង់ជីវិតដោយសា ប្រើប្រាស់ថ្នាំផ្សះលើសកម្រិត
ការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០១៩កន្លងទៅមានពលរដ្ឋនៅជុំវិញពិភពលោកជាង ១,២ លានបានស្លាប់បាត់បង់ជីវិតដោយសាពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ខណៈតួលេខអ្នកស្លាប់នេះគឺមានចំនួនច្រើនជាងអ្នកស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់ទៅទៀត។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកថ្នាំពេទ្យជាច្រើននាក់មកពីបណ្តាប្រទេសផ្សេងៗគ្នានិងបានសិក្សាអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំនៅក្នុងប្រទេសចំនួន ២០៤ នៅជុំវិញពិភពលោក ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ។

បើតាមការពន្យល់របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ហេតុផលដែលធ្វើឲ្យពលរដ្ឋទាំងអស់នេះត្រូវស្លាប់បាត់បង់ជីវិតក៏ព្រោះតែក្នុងរាងកាយរបស់ពួកគាត់មានបាក់តេរីឬពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ហើយបញ្ហានេះទៀតសោធគឺបង្កឡើងដោយសាពួកគាត់បានប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់ដោយមិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត។ នៅក្នុងការសិក្សាដដែលនេះបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងជាង ១,២លាននាក់ខាងលើនេះគឺបានស្លាប់ដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់មិនបានត្រឹមត្រូវ ខណៈបញ្ហានេះក៏មានការពាក់ព័ន្ធជាមួយករណីស្លាប់ចំនួន ៤,៩៥លាននាក់ផ្សេងទៀតផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយព្រមានពីផលប៉ះពាល់នៃការប្រើថ្នាំផ្សះរួចហើយ និងថែមទាំងបានហាមឃាត់មិនឲ្យមានការប្រើប្រាស់ថ្នាំផ្សះចំនួន ៤៣ប្រភេទទៀតផង ព្រោះតែថ្នាំទាំងនោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia