ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចលុបចោលវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិនៅដើមខែក្រោយនេះ

    BY Pheakdey January 21, 2022
    ថៃសម្រេចលុបចោលវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិនៅដើមខែក្រោយនេះ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា ប្រទេសថៃនឹងលុបចោលវិធានការតម្រូវឲ្យអ្នកដំណើរអន្តរជាតិត្រូវធ្វើចត្តាឡីស័កជាថ្មីម្តងទៀតហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃហាក់មានភាពធូរស្រាលជាងមុន។ បើតាមលោក Rachada Dhnadirek ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា វិធានការលើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមអ្នកដំណើរអន្តរជាតិនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ ហើយជំនួសមកវិញអ្នកដំណើរទាំងនោះត្រូវអនុ​វត្តវិធានការ Test & Go។

    អ្នកនាំពាក្យរូបនេះបានបន្តថា តាមរយៈការអនុវត្តវិធានការ Test & Go គឺអ្នកដំណើរទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ភ្លាមពេលមកដល់ទឹកដីថៃហើយបើលទ្ធផលអវិជ្ជមានគឺពួកគេអាចបន្តដំណើរកំសាន្តបាន តែ ៥ថ្ងៃក្រោយមកពួកត្រូវតែធ្វើតេស្តម្តងទៀត។ សូមបញ្ជាក់ថា វិធានការដូចបានជម្រាបជូនខាងលើនេះត្រូវអនុវត្តចំពោះអ្នកដំណើរមកពីគ្រប់ប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់។ គួររម្លឹកជូនផងដែរថា វិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ ហើយបើយោងតាមរបាយការណ៍នៅក្នុងឆ្នាំ ២០១៩ បានបង្ហាញថា មានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ៤០លាននាក់បានទៅកំសាន្តនៅប្រទេសថៃ ហើយតាមរយៈចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើននេះគឺវាបានជួយបង្កើតឱកាសការងារសម្រាប់ពលរដ្ឋថៃរាប់លានកន្លែងនិងជួយបង្កើតប្រាក់ចំំណូលសម្រាប់ប្រទេសថៃបានប្រមាណជា ៦០ពាន់លានដុល្លារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Straits Times

    Share This Post: