អូស្រ្តាលីបន្តបិទខ្ទប់តំបន់ភាគខាងលិចប្រទេសរហូតដល់ខែក្រោយ ខណៈចំនួនអ្នកឆ្លងនិងបាត់បង់ជីវិតដោយកូវីដ-១៩បន្តកើនឡើង
អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីនឹងបន្តបែកចែកប្រទេសខ្លួនជា ២តំបន់ក្នុងរយៈពេល ២សប្តាហ៍បន្ថែមទៀត គឺតំបន់ដែលមានការបិទខ្ទប់និងតំបន់ធម្មតា ដ្បិតស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តំបន់ដែលត្រូវបន្តអនុវត្តវិធានការបិទខ្ទប់នោះគឺតំបន់ភាគខាងលិចប្រទេស ហើយវិធានការបិទខ្ទប់ព្រំដែនតំបន់ភាគខាងលិចនេះគឺត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឬអាចយូរជាងនេះតាមស្ថានភាពចាំបាច់ជាក់ស្តែង។

ប្រភពខាងលើបានបន្តថា ការសម្រេចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែរប្រទេសអូស្រ្តាលីបានបន្តរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងចំនួនច្រើនដ៏ច្រើន ពោលគឺនៅក្នុងថ្ងៃទី ២១ ខែមករានេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ រហូតដល់ ៨០នាក់ និងអ្នកឆ្លងថ្មីចំនួន ៦០,២៣២នាក់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេសនឹងមានភាពល្អប្រសើរ ប្រសិនបើចំនួនពលរដ្ឋដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ កើនឡើងរហូតដល់ ៨០% នៃចំនួនពលរដ្ឋសរុប ខណៈគិតត្រឹមពេលនេះមានពលរដ្ឋអូស្រ្តាលីចំនួនត្រឹម ២៦%ប៉ុណ្ណោះដែលបានទៅទទួលវ៉ាក់សាំងដូសជម្រុញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia