អ្នកជំនាញព្យាករណ៍ថា ការរាតត្បាតនៃកូវីដ-១៩ អូមីក្រុងនៅក្នុងប្រទេសថៃនឹងធ្លាក់ចុះនៅក្នុងខែមួយនេះ ទោះបីឥលូវកំពុងរាតត្បាតខ្លាំងក៏ដោយ
ថៃ៖ អ្នកជំនាញម្នាក់បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃនឹងធ្លាក់ចុះនៅក្នុងអំឡុងខែមីនាខាងមុខ បើទោះជាក្នុងអំឡុងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះកំពុងតែរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសថៃក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍នេះគឺលោកវេជ្ជបណ្ឌិត Manoon Leechawengwongs ដែលជាគ្រូពេទ្យឯកទេសផ្នែកផ្លូវដង្ហើម ហើយបច្ចុប្បន្នរូបគាត់កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Vichaiyut ។

ឆ្លើយប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិតរូបនេះបានអំពាវនាវកុំឲ្យពលរដ្ឋថៃទាំងអស់មានការភ័យស្លន់ស្លោជាមួយនឹងវត្តមាននៃវ៉ារ៉្យង់អូមីក្រុង បើទោះជាមេរោគប្រភេទនេះមានសមត្ថភាពអាចចម្លងបានយ៉ាងឆាប់រហ័សក៏ដោយ។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបានជម្រុញឲ្យពលរដ្ឋថៃប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើតប្រព័ន្ធភាពស៊ាំនៅតាមសហគមន៍ ហើយសម្រាប់អ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំងសោះគឺវាដល់ពេលហើយដែលពួកគេត្រូវឈប់សង្ស័យជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងទៀតនិងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដើម្បីការពារជីវិតខ្លួនពីមេរោគបំប្លែងខ្លួនអូមីក្រុង ឬមេរោគបំប្លែងខ្លួនផ្សេងៗទៀតដែលអាចនឹងកើតមាននៅពេលខាងមុខ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand