អ្នកឆ្លងកូវីដអូមីក្រុងក្លាយពូជទម្រង់ BA.2 ម្នាក់ក្នុងចំណោម ១៤នាក់នៅប្រទេសថៃបានបាត់បង់ជីវិត
ថៃ៖ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ដែលអាជ្ញាធរសុខាភិបាលថៃបានប្រកាសថាបានឆ្លងមេរោគអូមីក្រុងក្លាយពូជប្រភេទ BA.2 កាលពីពេលថ្មីៗនេះ ពេលនេះមានអ្នកជំងឺម្នាក់ត្រូវបានសារព័ត៌មាន រាយការណ៍ថា Strains Times បានស្លាប់បាត់បង់ជីវិតហើយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមករានេះ។ បើតាមលោកវេជ្ជបណ្ឌិត Supphakit Siriluck ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹងពីការវិវឌ្ឍន៍នៃមេរោគអូមីក្រុងក្លាយពូជឬអាចហៅថាអូមីក្រុងជំនាន់ថ្មីនេះថា មេរោគប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៦ ខែធ្នូឆ្នាំមុនម្លេះ ដោយពេលនោះមេរោគស្ថិតនៅទម្រង់ BA.1 ប៉ុណ្ណោះ។

ក្រោយមកនៅក្នុងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ អ្នកជំនាញថៃបានរកឃើញមេរោគប្រភេទក្លាយពូជនេះម្តងទៀត តែវាបានវិវឌ្ឍន៍ឡើងដល់ទម្រង់ BA.2 ហើយរហូតមកទល់នឹងពេលនេះមេរោគបានវិវត្តន៍ឈានដល់ទម្រង់ BA.3 ទៀតផង។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា មេរោគអូមីក្រុងក្លាយពូជទម្រង់ BA.3 មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ ខណៈគិតត្រឹមពេលនេះមេរោគអូមីក្រុងក្លាយពូជទាំង ៣ទម្រង់នេះកំពុងមានវត្តមាននៅក្នុងប្រទេសប្រមាណជា ៤០ នៅជុំវិញពិភពលោក រួមមានទាំងប្រទេសសិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងអង់គ្លេសផងដែរ។
គួរបញ្ជាក់ជូនថា ដ្បិតតែមេរោគកូវីដ-១៩ អូមីក្រុងក្លាយពូជថ្មីនេះមានទម្រង់ខុសពីមេរោគអូមីក្រុងទម្រង់ដើមក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថា វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងកម្រិតណានោះទេ បើធៀបទៅនឹងមេរោគអូមីក្រុងទម្រង់ដើមដែលកំពុងរាតត្បាតខ្លាំងនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Strains Times