រយៈពេលតែ១០ខែ ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គររកបានជាង៩០លានដុល្លារ
- November 3, 2018
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល១០ខែកម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារអាមេរិក។
នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ។ របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។
បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថាបណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
– ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
-ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
– ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

- Share This Post:






