ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាង ១ម៉ឺននាក់ជាលើកដំបូងក្នុងរយៈពេល ៤ខែចុងក្រោយ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះនឹងបន្តកើនឡើងដល់ជាង ២ម៉ឺននាក់
- BY
- Pheakdey
- February 7, 2022
ម៉ាឡេស៊ី៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែមករា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០,០៨៩នាក់ ដែលជាតួលេខកើនឡើងលើសពី ១ម៉ឺននាក់ជាលើកដំបូង បើគិតត្រឹមរយៈពេល ៤ខែចុងក្រោយនេះ។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើន អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ថ្មីចំនួន ៩ករណីបន្ថែមទៀតផងដែរ តែតួលេខអ្នកស្លាប់នេះហាក់មិនមានការកើនឡើងនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។

បើតាមលោក Noor Hisham Abdullah ដែលជាអគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានធ្វើការព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅម៉ាឡេស៊ីនឹងបន្តកើនឡើងក្នុងខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ខណៈនៅអំឡុងចុងខែមីនាតួលេខអ្នកឆ្លងប្រចាំថ្ងៃអាចនឹងកើនដល់ខ្ទង់ ២២,០០០នាក់។ លោកអគ្គនាយករូបនេះបានបន្តថា ក្នុងចំណោមករណីឆ្លងទាំងនោះគឺភាគច្រើនជាការចម្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានជិត ៨០%នៃចំនួនពលរដ្ឋសរុប ខណៈពលរដ្ឋប្រមាណជា ៥៣%បានចាក់រហូតដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






