អាមេរិកលក់ឧបករណ៍និងសេវាធ្វើទំនើបកម្មមីស៊ីលតម្លៃ ១០០លានដុល្លារឲ្យទៅកោះតៃវ៉ាន់
- BY
- Pheakdey
- February 8, 2022
អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈកន្លងទៅថា រដ្ឋាភិបាលអាមេរិកបានអនុម័តឲ្យមានការលក់ឧបករណ៍និងសេវាកម្មធ្វើទំនើបកម្មមីស៊ីលទៅកាន់កោះតៃវ៉ាន់ជាផ្លូវការហើយ ដោយគម្រោងនោះមានតម្លៃជាទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គម្រោងខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទ្រទ្រង់ ថែរក្សា និងកែលម្អប្រព័ន្ធការពារមីស៊ីល Patriot ដែលតៃវ៉ាន់ប្រើប្រាស់សម្រាប់ការពារដែនកោះដែលមានរឿងរ៉ាវចម្រូងចម្រាសជាមួយប្រទេសចិន។

បើតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាស Patriot នឹងផ្តល់គុណប្រយោជន៍សម្រាប់កោះតៃវ៉ាន់ជាច្រើនដូចជា រក្សាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងវឌ្ឍនភាពនៅក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ជូនថា ទំនាក់ទំនងល្អរវាងអាមេរិកនិងតៃវ៉ាន់មិនត្រូវបានសាទរដោយប្រទេសចិននោះទេ ដ្បិតចិនតែងគិតថាតៃវ៉ាន់ជាដែនកោះរបស់ខ្លួន ខណៈតៃវ៉ាន់តែងចង់ផ្តាច់ខ្លួនពីចិនដើម្បីប្រកាសជារដ្ឋឯករាជ្យមួយ។ គេនៅចាំបានថាកាលពីចុងខែមុនចិនធ្លាប់បានប្រកាសថា ប្រសិនបើអាមេរិកបន្តគាំទ្រតៃវ៉ាន់ឲ្យក្លាយជារដ្ឋឯករាជ្យនោះគឺចិននិងអាមេរិកអាចនឹងត្រូវដោះស្រាយបញ្ហាជាមួយគ្នាដោយប្រើកម្លាំងយោធាផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






