អន្តរជាតិ

ស្ត្រីម្នាក់ត្រូវពិន័យជាប្រាក់ ៣ពាន់ដុល្លារសិង្ហបុរីព្រោះបានធ្វើការជួបជុំគ្នាលើសចំនួនកំណត់កាលពីអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន

BY
Pheakdey
February 8, 2022

សិង្ហបុរី៖ តុលាការសិង្ហបុរីបានធ្វើការពិន័យស្រ្តីម្នាក់ជាទឹកប្រាក់ចំនួន ៣,០០០ ដុល្លារសិង្ហបុរី (២,២៣២ ដុល្លាអាមេរិក) បន្ទាប់ពីស្រ្តីរូបនេះបានធ្វើការជួបជុំគ្នាលើសចំនួនកំណត់ ដែលបានចែងក្នុងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្រ្តីដែលត្រូវបានតុលាការសិង្ហបុរីធ្វើការពិន័យនេះមានឈ្មោះថា Lin Xiaofeng អាយុ ៣៤ ឆ្នាំជាពលរដ្ឋចិនដែលទទួលបានសិទ្ធទៅធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។

ប្រភពខាងលើបានបន្តថា សកម្មភាពជួបជុំរបស់ស្រ្តីរូបនេះបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាលពីឆ្នាំមុន ដោយរូបគាត់បានធ្វើការជួបជុំគ្នាជាមួយមិត្តភក្តិសរុបចំនួន ១៤នាក់ ខណៈនៅក្នុងបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីបានកំណត់ឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សត្រឹមតែ ៨នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ក្រុមមនុស្សដែលមានការពាក់ព័ន្ធក្នុងករណីនេះទាំងអស់សុទ្ធតែត្រូវបានតុលាការសិង្ហបុរីធ្វើការផាកពិន័យរួចហើយ ពោលគឺពិន័យភ្លាមៗក្រោយពេលធ្វើការជួបជុំគ្នា។ ដោយឡែកចំពោះករណីស្រ្តីរូបនេះវិញគឺអាជ្ញាធរត្រូវការពេលវេលាដើម្បីធ្វើការស៊ើបអង្កេតនិងរកភស្តុតាង ហើយការសម្រេចពិន័យចំពោះរូបគាត់គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកុម្ភៈម្សិលមិញនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: