ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៣,១៨២ នាក់ និងមរណភាព ២៤នាក់
- BY
- Pheakdey
- February 9, 2022
ថៃ៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣,១៨២នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៤នាក់ ដែលចំនួននេះក៏មានការកើនឡើងបន្តិចផងដែរ ដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានត្រឹមចំនួន ១៧នាក់ប៉ុណ្ណោះ។

បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៣,០៤៣នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៣៩នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៦៩% និង ២៣%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






